ភ្នំពេញ៖ នៅឆ្នាំ២០១៩ កម្ពុជាបានប្រឈម និងហានិភ័យអាកាសធាតុ បណ្តាលឱ្យមានគ្រោះរាំងស្ងួត និងខ្វះខាតទឹក សម្រាប់ជីវភាពប្រចាំរបស់ប្រជាជន នៅតាមបណ្តាខេត្តចំនួន១៤ ធ្វើឱ្យប៉ះពាល់ស្រូវចំនួន ៣៤២,៦៤១ហិកតា និងខូចខាត៦៧,៦៦៣ហិចតា។ កត្តាគ្រោះធម្មជាតិ នៅឆ្នាំ២០១៩ បានបង្កឱ្យមនុស្សស្លាប់ចំនួន៩៥នាក់ និងសត្វគោ ក្របី៩៥ក្បាល។ នេះបើតាមការមានប្រសាសន៍របស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបការងារ គ្រប់គ្រងគ្រោះ មហន្តរាយ ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០១៩នេះ កម្ពុជាបានប្រឈម និងហានិភ័យ អាកាសធាតុ ជាបន្តបន្ទាប់បណ្តាលឱ្យមានគ្រោះរាំងស្ងួត និងខ្វះខាតទឹក សម្រាប់ជីវភាពប្រចាំថ្ងៃចាប់ពីខែកុម្ភៈ ទៅដល់ដើមខែឧសភា នៅតាមបណ្តាខេត្តមួយចំនួនមាន៖ ខេត្តកោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ឆ្នាំង មណ្ឌលគិរី ព្រៃវែង ព្រះសីហនុ និងកំពត។ ជាមួយនោះគ្រោះរាំងស្ងួតរដូវវស្សាទាក់ទងនឹងវិស័យកសិកម្មកើតមាននៅខេត្តចំនួន ១៦ ប៉ះពាល់ស្រូវ ចំនួន ៣៤២,៦៤១ ហិចតា ខូចខាត៦៧,៦៦៣ ហិកតា។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ចំណែកគ្រោះទឹកជំនន់ គឺមានជំនន់ទឹកភ្លៀងខែសីហា ទៅក្នុងខេត្តកំពត ព្រះសីហនុ មណ្ឌល គិរី និងខេត្តរតនគិរី ហើយនៅខែកញ្ញា ឥទ្ធិពលព្យុះក្នុងតំបន់ បានធ្វើឱ្យតំបន់ទំនាបពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង។ បន្ទាប់ពីជំនន់ទឹកភ្លៀង មានជំនន់ទន្លេមេគង្គ ចាប់ពីពាក់កណ្តាលខែសីហា ដល់សប្តាហ៍ទី១ ខែកញ្ញា ខេត្តរងគ្រោះមាន ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល។
ក្រៅពីមុខសញ្ញាគ្រោះថ្នាក់ខាងលើ «នៅមានខ្យល់កន្ត្រាក់ កើតមាននៅក្នុងខែមេសា និងឧសភា ដែលផ្លាស់ប្តូរពីរដូវប្រាំង មករដូវវស្សា មានចំនួន៣៣៦លើក មកលើរាជធានី-ខេត្តចំនួន២២ ហើយស្លាប់មនុស្ស៩៥នាក់ គោក្របី៩៥ក្បាល។ គ្រោះមហន្តរាយដោយមនុស្សមានអគ្គីភ័យ កើតមានចំនួន ៦១៤លើក លើរាជធានី-ខេត្ត ចំនួន២៥។ គ្រោះមហន្តរាយថ្មី គឺការរលំបាក់អគារ នៅខេត្តព្រះសីហនុ ដែលមានជន រងគ្រោះសរុប ៥៤នាក់ ក្នុងនោះស្លាប់២៨នាក់ និង រលំបាក់សាលាធម្មសភា នៅខេត្តសៀមរាប ជនរងគ្រោះសរុប១៦នាក់ ស្លាប់៣នាក់»។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា កត្តាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ផ្នែកសង្គម ផ្នែកផលិតកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះតួរលេខខូចខាតនេះ គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានទទួលពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់រាជធានី-ខេត្ត ដូច្នេះ ប្រហែលជាអាចខុសគ្នាជាមួយតួលេខ របស់ក្រសួង ជំនាញ ដែលស្នើឱ្យមានការពិភាក្សាលើ តារាងរបាយការណ៍ ដូចបានផ្តល់ជូននិងរកវិធីសាស្ត្រដោះស្រាយ។
លោក គន់ គីម បានបញ្ជាក់ថា គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ និងមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៩ ហើយក្នុងដើមឆ្នាំ២០២០នេះ ក៏មានការរលំបាក់អគារនៅខេត្តកែប និងមានជំងឺរាតត្បាតសកលដែលកើតមាន គឺជំងឺរលាកសួតកូរ៉ូណាវីរុស កំពុងរាតត្បាត ដែលធ្វើឱ្យពិភពលោក មានការព្រួយបារម្ភ។ ដូច្នេះ កំណើននៃគ្រោះមហន្តរាយ គឺមិនអាចឱ្យយើងនៅស្ងៀមចាំពេលណាកើតមានគ្រោះមហន្តរាយកើតឡើង ហើយទើបយើងដោះស្រាយនោះឡើយ។
យ៉ាងណាលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឱ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឱ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់ ៕ ប្រាថ្នា