ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋពីរគ្រួសារកើតទុក្ខមិនសុខចិត្ត ខណ:ការឈូសឆាយធ្វើផ្លូវក្បែរសាលាខេត្តប៉ះពាល់សំយាបផ្ទះរបស់ពួកគាត់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជារឿងធម្មតាទេ ឲ្យតែមានការឈូសឆាយអភិវឌ្ឍកសាងធ្វើផ្លូវថ្នល់ តែងតែមានការប៉ះពាល់ទៅលើដីឬផ្ទះប្រជាពលរដ្ឋ ដែលសាងសង់នៅក្បែរផ្លូវនោះជៀសមិនផុតនោះឡើយ ដោយការសាងសង់ខ្លះ អត់មានធ្វើតាមច្បាប់នោះទេ មានការចូលទៅលើចំណីផ្លូវលុះអាជ្ញាធរឈូសឆាយក៏ប៉ះពាល់តែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្លះ គាត់អត់ហ៊ានមាត់ក.នោះទេព្រោះការប៉ះពាល់មានទំហំតិចតួច ។

រីឯអ្នកខ្លះវិញ កើតទុក្ខមិនសុខចិត្ត ព្រោះអះអាងថា គាត់មានប្លង់ដីត្រឹមត្រូវអស់ហើយពេលគេឈូសបែរជាលើសចូលទៅក្នុងដីរបស់ពួកគាត់ទៅវិញ ។

ជាក់ស្តែងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០២០ មានការឈូសឆាយធ្វើផ្លូវ១ខ្សែ នៅខាងជើងសាលាខេត្តប៉ៃលិនស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខណ:ប្រជាពលរដ្ឋមួយចំនួននិយាយលើកឡើងទាំងការខឹងមួរម៉ៅដោយសារតែឈូសប៉ះពាល់ផ្ទះនិងឈូសចូលដីរបស់ខ្លួន ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ នូ វី អាយុ៤៩ឆ្នាំ បានរៀបរាប់ទាំងសម្លេងខ្លាំងៗ ឲ្យដឹងថា គាត់មានការអាក់អន់ចិត្តយ៉ាងខ្លាំងដោយឃើញមានការឈូសឆាយធ្វើផ្លូវ១ខ្សែអត់ស្មើភាពគ្នាខណ:ផ្ទះខ្លះឈូសចូលដល់ខាងក្នុងខ្លះទៀតឈូសវាងទុកនៅសំយាបដដែល ។

គាត់បន្តទៀតថា ពីមុនគេសុំឈូសចូលតែបន្តិចបន្តួចប៉ុណ្ណោះដោយគ្រាន់តែការវាស់វែង រយ:ពេល៣ដងម្តងចូលបនិ្តចៗដល់ពេលគ្រឿងចក្រចូលទៅឈូសឆាយបណ្តាលឲ្យចូលទៅដល់ក្នុងដីផ្ទះរបស់គាត់តែម្តង ។

បុរសម្នាក់ ឈ្មោះ សឹង ស៊ីថា អាយុ៦៧ឆ្នាំ ប្រពន្ធ ឈ្មោះ នុត សុជា អាយុ៦០ឆ្នាំបានរៀបរាប់ឲ្យដឹងទាំងកំហឹងថា ពួកគាត់មានការតូចចិត្តយ៉ាងខ្លាំងដោយសារអ្នកធ្វើផ្លូវអត់បានប្រាប់មុនឲ្យបានត្រឹមរយ:ពេល១ ខែក៏ពួកគាត់អស់ចិត្តដែរ ។ គ្រាន់តែប្រាប់ភ្លាមត្រឹម១អាទិត្យស្រាប់តែយកគ្រឿងចក្រទៅឈូសគាត់ស្ទើរតែរើចេញមិនទាន់តែម្តង ។ គាត់បន្តទៀតថា ពេលនេះ សូម្បីតែកូនក៏ខាតរៀនសូត្រដោយប្រញាប់ជួយរុះរើទាំងតក់ក្រហល់ហើយជួលកម្មករជួលអ្នកដឹកជញ្ជូនគ្រប់បែបយ៉ាង ។

រាល់ថ្ងៃគាត់ប្រកបរបររកស៊ី បានតិចតួចៗ ប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារលុះប្រាប់ភ្លាមឈូសឆាយភ្លាមបណ្តាលឲ្យខូចខាតផ្ទះសម្បែងរបស់គាត់អស់ជាច្រើនដោយខាងអ្នកចូលមកឈូសអត់មាននិយាយប្រាប់ម្ចាស់ផ្ទះឲ្យបានត្រឹមត្រូវនោះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថា ការឈូសឆាយធ្វើផ្លូវនៅជុំវិញសាលាខេត្តនេះគឺខាងខេត្តជាអ្នកធ្វើផ្ទាល់តែម្តងបើចង់ដឹងសូមឲ្យទាក់ទងទៅខាងនោះចុះខាងលោកអត់ដឹងរឿងនោះទេ ។

លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឲ្យដឹងថា ការឈូសឆាយធ្វើផ្លូវក្រាលកៅស៊ូ១ខ្សែនេះគឺធ្វើឈូសត្រឹមតែចំណីផ្លូវប៉ុណ្ណោះអត់មានលើសហួសចូលទៅក្នុងដីរបស់ប្រជាពលរដ្ឋនោះទេ ។ លោកបន្តទៀតថា មុននឹងឈូសឆាយខាងរដ្ឋបាលខេត្ត បានផ្តល់នូវសេចក្តីជូនដំណឹងជាមុនរួចរាល់អស់ហើយ ។ ដូច្នេះបើប្រជាពលរដ្ឋមិនព្រមរុះរើសំយាបឲ្យបានទាន់ពេលវេលាគឺមិនអាចរង់ចាំតទៅ ទៀតនោះឡើយ ៕ស សារ៉េត


ចែករំលែក៖