ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បានឲ្យដឹងថា៖ ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ១T. ៧៤១៤ បើកបរដោយឈ្មោះ សម្បត្តិ វិនថាដា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរចំនួន២នាក់ទៀត ឈ្មោះស៊ូ ថានុន ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះសាយ សុភី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរីជាមួយគ្នា បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ណ៌ស ពាក់ស្លាកលេខ ប.មានជ័យ.៣A.១៥៤២ ដឹកត្រី អ្នកបើកបដោយឈ្មោះជួប ធូ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរច្រាសទិសគ្នា ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបាន បុកម៉ូតូពេញទំហឹង បណ្តាលអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរបាត់បង់ជីវិតទាំង៣នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចហើយរថយន្តបានបន្តទៅបុកបង្គោលភ្លើងបាក់អស់១ដើម ។
ប្រភពដដែលបានបញ្ជាក់ថា៖ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តមិនបានរត់គេចខ្លួនទេ គឺនៅនឹងកន្លែងកើតហេតុ ។ បើតាមរៀបរាប់ពីឈ្មោះបើកបររថយន្ត បានប្រាប់សមត្ថកិច្ចថា ដំបូងអ្នកបើកបរម៉ូតូបានធ្វើដំណើរមកពីទិសខាងជើងទៅត្បូងចូលមកគន្លងផ្លូវរថយន្តមកខាងឆ្វេងដៃរបស់ខ្លួន មានល្បឿនលឿនដោយគេមិនអាចកេចបាន ស្របពេលនោះម៉ូតូបានមកបុករថយន្ត របស់គេចំពីមុខពេញ បន្ទាប់រថយន្តគេក៏រេចង្កូតទៅបុកនឹងបង្គោលភ្លើងតែម្តង ហើយគេក៏មិនរត់ទៅណាដែរ ។
នគរបាលបានបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍បានដឹកយកទៅប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការត្រួតពិ និត្យរួច ចំណែកអ្នកបើកបររថយន្ត កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ វត្ថុតាងម៉ូតូនិងរថយន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ វណ្ណា