ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេជះក្លិនស្អុយ

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់ ជះក្លិនស្អុយពេញផ្ទៃទន្លេមុខឃ្លាំងសាំង ខណៈដែលប្រជានេសាទខ្មែរឥស្លាម ប្រទះឃើញអណ្តែតទឹក បង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យជាក់ស្តែង ។

ករណីប្រទះឃើញសពអណ្ដែតទឹកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកទន្លេសាប ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺត ពណ៌លឿង ដៃខ្លី ស្លៀកខោខ្មៅជើងវែង ។

តាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានប្រជានេសាទ បានចេញនេសាទត្រីតាមមាត់ទន្លេដូចសព្វដង លុះអុំទូកមកដល់ចំណុចខាងលើ ស្រាប់តែមានធុំក្លិនស្អុយ ភ្លាមនោះពួកគាត់បានអុំទូករកមើល ក៏ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹក ទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រួចស្រង់សពឡើងលើគោក និងទំនាក់ទំនងទៅនគរបាលជំនាញកោសល្យវិច័យ ចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ៕អារុណរះ


ចែករំលែក៖