ខេត្តកណ្ដាល៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំរករឿងស្រែកឡូឡាដាក់ក្រុមគ្រួសារ និងវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ បណ្ដាលឲ្យខូចខាតអស់មួយចំនួន លុះព្រឹកឡើង ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែដោយសារមុតអំបែងពាងដែលជនរងគ្រោះវាយបំផ្លាញ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ ឆាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបានឲ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ព្យាយាមចងក.ធ្វើអត្ដឃាត២ដងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិតខាងឃើញទាន់ជួយទាន់ពេល ។លុះមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៥ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ ហើយបានស្រែកឡូរឡាររករឿងឪពុកម្ដាយ និងយកដំបងឫស្សីមកវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះដូចជា៖ ពាងទឹក ,ចាន និងកាធុន បណ្តាលឲ្យបែកខ្ទេចខ្ទី ហើយក៏ស្ងាត់ទៅវិញ ។ លុះមកដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង១០និង៣០នាទី ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានហូរឈាម ភ្លាមនោះក៏រាយការណ៍ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលកំពុងភ្នំដើម្បីធ្វើការពិនិត្យ ។
ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានពីប្រជាពលរដ្ឋនូវករណីខាងលើនេះ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យសាកសពឃើញថា៖ជនរងគ្រោះដេកស្លាប់នៅលើគ្រែ និងមានឈាមហូរឡើងកកនៅក្រោមជើង ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹងជោកជាំ និងដាច់រយះដោយសារអំបែងពាងហូរឈាមខ្សោះអស់ពីខ្លួនរហូតដល់ស្លាប់ ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងទេ ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ