ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗ លេចមុខបង្ហាញក្តីស្រឡាញ់ដល់កុមាររងគ្រោះពីការរំលោភបំពាន

ចែករំលែក៖

ភ្នំពេញ៖ កុមាររងគ្រោះពីការរំលោភបំពានជាច្រើនរូបដែលបាន និងកំពុងរស់នៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីបកម្ពុជារបស់អ្នកស្រី ម៉ម សុម៉ាលី នោះ ទទួលបានការចុះទៅសាកសួរសុខទុក្ខ ចែករំលែកក្តីស្រឡាញ់ពីតារាចម្រៀង អេឡិច ចិន្ត្រ កញ្ញា ដួង ម៉ានិច កញ្ញា សុវត្ថិឌី ធារិកា និងសិល្បករជាច្រើនរូបទៀត ។ ការបង្ហាញមុខសួរសុខទុក្ខលើកទឹកចិត្តនេះត្រូវបានធ្វើឡើងចំទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

“អ្វីដែលពួកខ្ញុំធ្វើឡើងនេះគឺកើតឡើងពីក្តីអាណិតស្រឡាញ់ និងចង់ផ្តល់ភាពកក់ក្តៅខ្លះចំពោះប្អូនៗ ក្មួយៗ ដែលធ្លាប់បានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទាំងផ្លូវចិត្ត និងផ្លូវកាយ” នេះបើតាមការបញ្ជាក់របស់លោក អេឡិច ចិន្ត្រា បានថ្លែងឡើង ។

លោកថាទាំងលោកក្តី និងកញ្ញាដួង ម៉ានិច ក្តី សុទ្ធតែឆ្លៀតពេលដ៏មមាញឹកបង្ហាញវត្តមានក្នុងឱកាសថ្ងៃនៃក្តីស្រឡាញ់ ដើម្បីឲ្យពួកគាត់ទទួលបានកម្លាំងចិត្ត ដើរទៅមុខដើម្បីទទួលបានពន្លឺជីវិតថ្មី តស៊ូ និងរឹងមាំ បំភ្លេចនូវអ្វីៗដែលមិនល្អក្នុងអតីតកាល ។

កញ្ញា ដួង ម៉ានិចបញ្ជាក់ថា អ្នកធ្លាប់ទៅដល់ផ្ទាល់ស្វែងយល់ពីជីវិតរបស់ពួកគាត់ទើបដឹងថា ជីវិតពួកគាត់ខ្លោចផ្សាប៉ុណ្ណា ដែលខ្លះរងការរំលោភបំពានផ្លូវភេទពីសាច់ញាតិឯង ចាប់តាំងពីខ្លួនមិនទាន់ដឹងក្តី រួមទាំងការវាយដំគំរាមសម្លុត ជាដើម ។

តារាស្រីល្បីឈ្មោះរូបនេះលើកឡើងដែរថា ក្រៅពីការលើកទឹកចិត្ត នាង និងសិល្បករទាំងអស់បានរួមគ្នាទិញជាសម្ភារៈសិក្សា និងចំណីអាហារមួយចំនួនដើម្បីជួយផ្គត់ផ្គង់តាមតម្រូវការ បើទោះបីជាចំនួនដែលនាង និងសិល្បករបានរួមគ្នាផ្តល់នៅពេលនេះមិនគ្រប់គ្រាន់ពេញលេញតាមតម្រូវការមែន ប៉ុន្តែជាទឹកចិត្ត និងការបង្ហាញពីក្តីស្រឡាញ់ចំពោះពួកគាត់ដែលរងគ្រោះ និងរងការឈឺចាប់ខ្លាំង និងជួយជំរុញកម្លាំងចិត្តឲ្យពួកគាត់ធ្វើជាមនុស្សរឹងមាំ តស៊ូក្នុងជីវិត និងខិតខំសិក្សារៀនសូត្រដើម្បីកែប្រែជីវិតឲ្យមានរស្មីឡើង ។

នាងរំពឹងថាពួកគាត់ក៏នឹងបន្តទទួលបានការជួយជ្រោមជ្រែងលើកទឹកចិត្តថែមទៀតពីមនុស្សនៅជុំវិញខ្លួន ៕ វឌ្ឍនា


ចែករំលែក៖