ព័ត៌មានទាន់ហេតុការណ៍៖

សុខ ដែន និងតារាប្រុសស្រីជាច្រើនរួមគ្នាផលិតបទចម្រៀងសម្រាប់ឱកាសចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀងប្រុស ស្រីជាច្រើនរូបបានរួមគ្នាបង្ហាញស្នាដៃបទចម្រៀង និងចូលរួមថតបទចម្រៀងថ្មីៗជាច្រើនបទដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ស្នាដៃថ្មីៗនេះ ត្រូវបានដឹកនាំដោយតារាក្បាច់គុន សុខដែន ។

អាល់ប៊ុមបទចម្រៀងថ្មី អបអរក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យបងប្អូនរាំលេងកម្សាន្តសប្បាយនោះ ត្រូវបានចាប់ផ្តើមផលិតហើយ ។ លោក សុខ ដែន តែងតែបញ្ចេញនូវបទចម្រៀង ជាបន្តបន្ទាប់ ប៉ុន្តែលើកនេះលោកបានរៀបចំ ឲ្យតារាចម្រៀងជាច្រើនដួង បង្ហាញសមត្ថភាពជាមួយគ្នា គ្រប់ចង្វាក់ ដែលមានជាង១០បទ ។

តារារូបនេះបានថ្លែងប្រាប់ថា ការសម្រេចចិត្តប្រមូលតារាចម្រៀងប្រុសស្រីជាច្រើនដួង មកប្រជុំគ្នាចេញបទចម្រៀងនេះ គឺចង់ឲ្យបងប្អូនខ្មែរទាំងអស់មានឱកាស បានរាំលេងសប្បាយពេលជួបជុំគ្នា ក្នុងឱកាសឆ្នាំថ្មី ដោយនៅក្នុងនោះមានម្វាស់បទ «ចាបយំល្វើយៗ» លោក ចាន់ មករា រូបលោកផ្ទាល់ នាយម៉ាំ, នាយវ៉ែប, នាយកណ្ដុរ, ឡៅ ចន្ទ្រា, កញ្ញា យ៉ាយ៉ា, ស្រីនីត និងនាយខ្ចៅ ជាដើម ។ អ្វីដែលលោកធ្វើនេះ គឺចេញពីទឹកចិត្តផ្ទាល់របស់តារាចម្រៀងទាំងអស់ តែម្ដង ហើយលោកក៏ទទូចឲ្យមានការគាំទ្រ ពីសំណាក់មកប្អូនទាំងអស់គ្នា ។

ទោះជាយ៉ាងណាលោកក៏សូមស្វាគមន៍ ចំពោះការជួយជ្រោមជ្រែងពីសំណាក់បងប្អូន ឬពីក្រុមហ៊ុនជាដៃគូនានា ដែលមានសមាណចិត្តចង់ជួយឧបត្ថម្ភ ដើម្បីបទចម្រៀងទាំងអស់នេះ បានបញ្ចេញដោយរលូន ។ លោកក៏ ទទូចដល់បងប្អូនទាំងអស់ជួយគាំទ្រ នូវបទចម្រៀងជាង១០បទនេះ និងត្រៀមរាំលេងកម្សាន្ត ក្នុងឱកាសឆ្នាំថ្មីនេះហើយលោករំពឹងថា នឹងទទួលបានការគាំទ្រថ្មីបន្ថែមពីទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖