ភ្នំពេញ ៖ បុរសចិត្តឆៅម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលប្រពន្ធ ក្រោយពេលមានទំនាស់បន្តិចបន្ទួចរហូតវាយប្រពន្ធឲ្យសន្លប់ កាលពីព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ២០២០ នៅបន្ទប់ជួលមួយកន្លែងក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ម៉ោង១១យប់ ថ្ងៃដដែល ក៏មានការភ្ញាក់ផ្អើលជាខ្លាំងម្ដងទៀត ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។
សពជនរងគ្រោះមានឈ្មោះ ធឿន ឃីម អាយុ៣០ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅឯខេត្តកំពត ។
តាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានសួរទៅប្ដីថា អត់ទៅធ្វើការទេ បែរជាទៅផឹកស្រាស្រវឹងបែបនេះ ភ្លាមនោះពួកគាត់ក៏មានការទាស់សម្ដីគ្នារហូតប្ដីរបស់គាត់វាយបណ្ដាលឲ្យសន្លប់ ត្រូវបានសាច់ញាតិជិតខាងបញ្ជូនទៅមន្ទីរពេទ្យ ។
មួយសន្ទុះក្រោយមក ស្រាប់តែប្ដីរបស់គាត់ចូលទៅក្នុងបន្ទប់ជួលធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង ព្រមទាំងត្រូវបានអ្នកជិតខាងជួយស្រាយចំណងដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសលពេលទៅដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថា រូបគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងឲ្យសាច់ញាតិ និងប្រពន្ធដឹកសពប្ដីយកទៅធ្វើបុណ្យទៅ ។
ក្រោយមក ប្រពន្ធ និងសាច់ញាតិបានដឹកសពជនរងគ្រោះបំរុងយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី តែពេលដល់ក្បែរធនាគារវឌ្ឍនៈ លើផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចហាមមិនឲ្យទៅទេ ព្រោះសពជនរងគ្រោះមិនទាន់ធ្វើកោសល្យវិច័យ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ជាខ្លាំងម្ដងទៀត ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានឲ្យ ប្រពន្ធ និងសាច់ញាតិជនរងគ្រោះដឹកសពខាងលើយកទៅបន្ទប់ជួលដែលជាកន្លែងកើតហេតុវិញ ដើម្បីឲ្យជំនាញធ្វើកោសល្យវិច័យបានល្អិតល្អន់ ទើបសម្រេចតាមនីតិវិធីពេលក្រោយបន្តទៀត ៕ ភារ៉ា ដង្កោ