ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នៅថ្ងៃទី១៣ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ យ៉ាងហោចមន្រ្តីនគរបាលបន្តនីតិវិធីចំនួន ៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីហិង្សា ។
របាយការណ៍ខាងលើបន្តថា លើកទី១ បង្កឡើងដោយជនសង្ស័យឈ្មោះ ជា ស្រុន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ(មុខរបរមិនពិតប្រាកដ)បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ បានដុតបំផ្លាញផ្ទះបងថ្លៃទំហំ ៣ម៉ែត្រគុណ ៤ម៉ែត្រ ឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈផងដែរ ថែមទាំងគំរាមកំហែងប្រពន្ធកូនថែមទៀត មូលហេតុ៖ ប្រើប្រាស់នូវសារធាតុញៀន ។
របាយការណ៍ដដែលបន្តទៀតថា លើកទី២ បង្កឡើងដោយជនសង្ស័យឈ្មោះ ពុំ ផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(មុខរបរកសិករ)បច្ចុប្បន្ន រស់នៅភូមិអូនអាចមន៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ បានផឹកសុីស្រវឹងអ៊ួទីណួជេរបញ្ចោប្រមាថប្រពន្ធពេលមកពីធ្វើការរោងចក្រម្ដងៗ និងលើកទី៣ បង្កឡើងដោយជនសង្ស័យឈ្មោះ ឆេង បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ(មុខរបរកសិករ)បច្ចុប្បន្ន រស់នៅភូមិអូនអាចមន៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅពេលផឹងសុីស្រវឹងម្ដងជេរប្រមាថ និងគំរាមអាករសម្លាប់ប្រពន្ធ ។
របាយការណ៍បន្ថែមទៀតថា ករណីហិង្សាខាងលើ មន្រ្ដីអាជ្ញាធរមូលដ្ឋានកំពុងមមាញឹកបន្តនីតិវិធី ៕ បុឹម ពិន