ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងខឹងយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង មកគប់រថយន្តបើកដេញបុកបណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១ និង ២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខសាលាភូមិន្ទរដ្ឋបាល តាមដោយផ្លូវ ៦៣កែង នឹងផ្លូវ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឡេង ភេទប្រុស អាយុប្រមាណជាង ២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ញឹន សាវឿន ភេទប្រុស អាយុ ៤០ ឆ្នាំមុខរបរអ្នកបើករថយន្តក្រុមហ៊ុន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីបុរសបើករថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHAD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BB-5573នៅតាមបណ្ដោយផ្លូវ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណៈនោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ក្រហមលាយសពាក់ស្លាកលេខ ភ្នំពេញ 1HA-2009 ធ្វើដំណើរមកពីក្រោយបានគប់ទៅលើរថយន្តរបស់គាត់ភ្លាមនោះរូបគាត់ខឹង បានបើករថយន្តដេញរហូតមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅ នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។
បន្ទាប់មករូបគាត់ត្រូវបានកម្លាំងសមត្ថកិច្ចខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលភ្លាមៗតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះករណីខាងលើនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត៕ ភារ៉ា ដង្កោ