ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ នៅអំឡុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទាន ក្នុងវិស័យធុរកិច្ច និងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ពង្រឹងផលិតភាពរបស់ខ្លួន និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជានិងកន្លែងទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែច្រើនឡើង។ លោករដ្ឋមន្ត្រី ប្រធានក្រុម ការងារបានមានប្រសាន៍ថា៖«យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀត ព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយ បង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងបង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច និងផាសុកភាពរបស់ភ្ញៀវទេសចរ។ ដូច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ាន ព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរ កាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ»។
លោករដ្ឋមន្ត្រី ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជាដោយសារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូត សេដ្ឋកិច្ច ទេសចរណ៍។ «ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុដោយអនុញ្ញាតប្រើប្រាស់កញចប់ថវិកាចំនួន ៣០០ លានដុល្លារដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន ៣៤ ខ្សែប្រជាង ៩០ គីឡូម៉ែត្រ រួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព»។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា៖«យើងទាំងអស់គ្នាត្រូវរួម សាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតផលិតផលថ្មីៗ ហើយវិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត»។
ក្រុមអាជីវករនិងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសម្តែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តកទុដាក់ខ្ពស់ចំពោះ ខេត្តព្រះសីហនុ ដោយបានវិនិយោគថវិកាដ៏ច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ដោយសារតែ នៅពេលនេះ ការដ្ឋានស្ថាបនាផ្លូវបានដំណើរព្រមៗគ្នាបង្កឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍ និងមានការហុយធូលី លោករដ្ឋមន្ត្រីប្រធានក្រុមការងារបានស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាយោគយល់។
លោករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជានិងក្រុមអាជីវករក៏បានជជែកពិភាក្សាលើបញ្ហាមួយចំនួនដែលខេត្តព្រះ សីហនុបាននិងកំពុងជួបប្រទះក្នុងនោះរួមមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាគ្រប់គ្រងសំរាម រួមនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនទៀត។ ជាមួយគ្នានេះ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ តំណាងឱ្យអ្នកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក៏បាននាំយកនូវសំណើមួយចំនួនដើម្បីអាជ្ញាធរ ខេត្តនិងរាជរដ្ឋាភិបាលជួយដំណោះស្រាយ។ ចំពោះសំណើដែល បានលើកឡើងត្រូវបានឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលយកមកពិនិត្យ និងជួយដោះស្រាយ។ លោកបានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់ បងប្អូនឱ្យអស់លទ្ធភាព ព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ»៕
ដោយ៖ សុខ ខេមរា