ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញ ដែលថាស្រ្តីអាមេរិកចេញពីកម្ពុជាផ្ទុកមេរោគCovid-19

ចែករំលែក៖

ភ្នំពេញៈ នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ស្តីពីករណីអាជ្ញាធរម៉ាឡេស៊ីបានរកឃើញស្រ្តីម្នាក់ជនជាតិអាមេរិកាំងម្នាក់ អាយុ ៨៣ឆ្នាំ មានផ្ទុកនូវមេរោគ Covid-19 បានចាកចេញពីនាវា WESTERDAM ដែលមកចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ ​WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ ​USCDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។

ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នូវភាពវិជ្ជមាន Covid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះ ក្រសូងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឱ្យមានភាពសុក្រឹតឡើងវិញ៕

 


ចែករំលែក៖