ភ្នំពេញ ៖ ឃ្លាំងផ្ទុកសម្ភារៈសំណង់មួយកន្លែង ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ៩ យប់ ថ្ងៃអាទិត្យ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចំណុចផ្លូវលំក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលផ្ទុកសម្ភារៈបង្កឲ្យមានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកពន្លត់បន្តបន្ទាប់ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ បានបាញ់ទប់ស្កាត់មិនឲ្យឆ្លងដល់ផ្ទះផ្សេងទៀត ។
ក្រោយមកក៏បានរលត់ទៅវិញនៅវេលាម៉ោង ៩ និង ៣០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល ។ ចំពោះរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ចំនួន ៨គ្រឿង ចំណែកឯសម្ភារៈរងការខូចខាតមួយចំនួនធំ ដោយមូលហេតុសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត ។ តែបើតាមសម្ដីកម្មករម្នាក់ដែលធ្វើការ នៅទីនោះបានប្រាប់ឲ្យដឹងថា មកពីឆ្លងចរន្តអគ្គិសនីបង្កឲ្យមានអគ្គិភ័យកើតឡើង តែមិនបង្កឲ្យនរណាម្នាក់ រងរបួសឬស្លាប់នោះទេ ហេតុការណ៍អគ្គិភ័យនេះ ៕ សុខាសែនជ័យ