ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខពីសិល្បៈ សឿន វីតា បង្ហាញភាពហ៊ឺហារ និងរថយន្តប្រណីត ផ្ទះថ្មី

ចែករំលែក៖

ភ្នំពេញ៖ យីអ៊ុនឡើងស្រឺតៗ ក្រោយបាត់មុខពីសិល្បៈមួយរយៈពេលខ្លី តារាសម្តែង សឿន វីតា ហាក់លេចចេញភាពហ៊ឺហាខ្លាំង ។ តារារូបនេះបានបង្ហាញផ្ទះមួយជុងថ្មីអម ដោយរថយន្តថ្មីទំនើបតម្លៃជាង៤ម៉ឺនដុល្លារអាមេរិកហើយលោកក៏ចង់អញ្ជើញសិល្បករដែលមិនមានចំណូលខ្ពស់អាចចូលរួមការងារមួយជាមួយលោកផងដែរ ។

រឿង “នាឡិការដាស់វិញ្ញាណ” ជាស្នាដៃចុងក្រោយ ដែលតារាសម្តែង សឿន វីតា បានបង្ហាញមុខ ទោះជាយ៉ាងណាតារាប្រុសសម្បូររោមរូបនេះ លើកឡើងថាលោក មិនបោះបង់ការងារសិល្បៈចោលទាំងស្រុងទេ ព្រោះតែការងារនេះជាដើមកំណើតដែលនាំឲ្យលោកមានថ្ងៃនេះ ហើយក៏ជាការងារដែលលោកស្រលាញ់ចូលចិត្ត ។

តារាប្រុសកូន២រូបនេះលើកឡើងដែរថា បាត់មិនបង្ហាញមុខលើស្នាដៃសម្តែងច្រើនដូចគ្រាមុន ព្រោះលោកធ្វើការនៅក្រុមហ៊ុនផលិតផលអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េ យីហោ Korea Pure ក្នុងតំណែងជា Gold Dragon ។ លោកទទួលស្គាល់ថា មួយរយៈក្រោយនេះជីវភាពរបស់លោកកាន់តែប្រសើរខ្លាំង គឺ៦ខែដែលលោកបំពេញការងារនៅទីនេះលោកមានតំណែងមួយខ្ពស់ និងអាចរកប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិក ក្នុងនោះលោកបានទិញផ្ទះក្នុងបុរីមួយនាតំបន់គួរស្រូវក្នុងតម្លៃ៦ម៉ឺនដុល្លារអាមេរិក និងរថយន្ត MG តម្លៃ៤ម៉ឺនដុល្លារអាមេរិក ។

លោកថា មិនមែនជាការអួតអាង ទេ ប៉ុន្តែលោកចង់ឲ្យសិល្បករដែលមានពេលទំនេរច្រើនអាចចូលរួមការងារនេះជាមួយលោកបានដើម្បីចូលរួមបង្កើនប្រាក់ចំណុលបន្ថែមពីការងារសិល្បៈ ។ លោកថាជាការងារស្របច្បាប់មានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ និងមានការធានារ៉ាប់រងត្រឹមត្រូវ ។

ទោះរវល់ការងារខាងក្រៅច្រើនប៉ុន្តែលោកកំពុងលៃលកពេលវេលា ទទួលថតភាពយន្តថ្មីដែលចំណាយពេលវេលាតិច ដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខ និងបញ្ជាក់ថាលោកមិនចោលការងារសិល្បៈដែលលោកស្រលាញ់នោះទេ ។

លោកទទួលស្គាល់ថា ការផ្អាកទទួលការសម្តែងសិល្បៈមួយចំនួនព្រោះត្រូវចេញចូលក្រៅប្រទេសជាញឹកញាប់ ដែលភាគច្រើនជាដំណើរកម្សាន្តដែលក្រុមហ៊ុនបានរៀបចំឲ្យ ។ លោកថាថ្មីៗនេះមានផលិតករទាក់ទងឲ្យលោកចូលរួមសម្តែងមិនក្រោម៥រឿងទេ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបមិនទទួល ។ លោកថាមានតែការថតតិចតួចប៉ុណ្ណោះសម្រាប់ផលិតកម្ម LD និងផលិតកម្ម Town ដែលសូម្បីអាជីពជួយរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ពីមុនក៏លោកផ្អាកផងដែរ ។ លោករំពឹងទុកថា ទាំងការងារសិល្បៈ ពិសេសការងារក្រៅសិល្បៈរបស់លោកកាន់តែរីកចម្រើនខ្លាំងជាងមុន៕ វឌ្ឍនា


ចែករំលែក៖