ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុចុះត្រជាក់បង្កផលលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ក្នុងក្រុងវូហាន

ចែករំលែក៖

ពលរដ្ឋនៅក្នុងទីក្រុងវ៉ូហាន រស់នៅយ៉ាងលំបាក ដោយសារតែ​ការឆ្លងរាលដាលនៃវីរុស កូវីដ​-១៩ ហើយពេលនេះអាកាសធាតុ ចុះត្រជាក់ខ្លាំង ធ្លាក់ព្រិលយ៉ាងក្រាស និងមានភ្លៀងធ្លាក់ទៀត ធ្វើឲ្យការរស់នៅកាន់តែវេទនា ។

ពលរដ្ឋនៅទីក្រុងវ៉ូហានកំពុងតែទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ ​បណ្តាលឲ្យមានអ្នកស្លាប់ ជិត​១៨០០នាក់ និងឆ្លងរាលដាលជាង៧ម៉ឺននាក់​ ។ ប៉ុន្ដែពេលនេះទីក្រុងវ៉ូហានប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង ភ្លៀង ធ្លាក់ព្រិល​ បង្កផលលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។

តាមសារព័ត៌មាន​ Infonet ​បានផ្សាយថា បើតាមក្រសួងព្យាករណ៍អាកាសធាតុចិន​ អាកាសធាតុត្រជាក់ បានគ្របដណ្តប់ នៅតាមបណ្តាលខេត្តភាគខាងជើង និងភាគកណ្តាលប្រទេសចិន ក្នុងនោះមាន Shandong, Beijing, Tianjin, Hubei ដោយមានភ្លៀងធ្លាក់ ខ្លាំង និងព្រិលធ្លាក់យ៉ាងក្រាស់ផងដែរ​ ។ ​ ហេតុការណ៍ខាងលើ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ​-១៩ នៅក្នុងប្រទេសនេះ ។

បច្ចុប្បន្នពលរដ្ឋចិន​ រាប់លាននាក់ បានវិលត្រឡប់ទៅធ្វើការវិញហើយ បើទោះជាវីរុសកូវីដ -១៩ មិនទាន់ស្ងប់ស្ងាត់ក្តី​ ។ ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​តាមស្រុកភូមិនីមួយៗ ក៏បានខិតខំ​ទប់ស្កាត់​ការឆ្លងរាលដាល នៅក្នុងភូមិរបស់ខ្លួន ដោយការវាស់កម្តៅ​ បាញ់ថ្នាំបង្ការ ​នៅតាមទីសាធារណៈជាដើម ។ ជាមួយគ្នានេះ មន្ត្រីក្នុងតំបន់ក៏បានអំពាវនាវដល់ពលរដ្ឋ កាត់បន្ថយទំនាក់ទំនងជាមួយមនុស្សចម្លែក មកពីតំបន់ផ្សេង ដើម្បីបញ្ចៀសការឆ្លងរាលដាល មកក្នុងតំបន់របស់ខ្លួន​៕


ចែករំលែក៖