ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា ត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធកូន ឡើងលើដំបូលផ្ទះម្ដាយក្មេក បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ រវល់តែផឹកស៊ីជាមួយមិត្តភក្តិរហូតស្រវឹងជោកជាំ ពេលត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធ និងកូន ក៏ដើររកពេញភូមិនៅតែមិនឃើញទៀត ក៏សម្រេចចិត្តឡើងទៅដំបូលផ្ទះម្ដាយក្មេក ដើម្បីរកប្រពន្ធតែត្រូវម្ដាយក្មេកបិទទ្វារ និងបិទភ្លើងអស់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្មានតែចោរស្រែកឆោឡោផ្អើលសមត្ថកិច្ចទាំងយប់ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមផ្លូវបេតុង ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

យោងតាមប្រពភព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសខាងលើនេះមាន ឈ្មោះ យ៉ុង សុភ័ក្រ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-ឃុំកើតហេតុ មានប្រពន្ធ និងកូនស្រី ២នាក់ ។

មន្រ្តីដដែលបន្តថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បុរសខាងលើ បានចេញពីផ្ទះទៅផឹកស៊ី ជាមួយនឹងមិត្តភក្តិ ។ លុះដល់ពេលស្រវឹង បានមកផ្ទះវិញ មិនឃើញប្រពន្ធ និងកូន ក៏ដើររកតែមិនឃើញ ។ រហូតដល់ម៉ោង១២យប់ បុរសខាងលើ ក៏មកផ្ទះម្ដាយក្មេក តែត្រូវម្ដាយក្មេកបិទភ្លើងបិទទ្វារបាត់អស់ទៅហើយ ទើបចូលទៅក្នុងមិនកើត ពេលនោះខ្លួនក៏សម្រេចចិត្តឡើងលើដំបូលផ្ទះម្តាយក្មេង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋក្បែរខាងតែម្តង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានហៅបុរសខាងលើ ឲ្យចុះមកក្រោមវិញ តែគាត់ឆ្លើយថា មិនហ៊ានចុះទេ ខ្លាចបងប្អូនវ៉ៃ ។ ដោយមានការលួងលោម និងសម្របសម្រួលពីសមត្ថកិច្ច ទើបបុរសខាងលើ ព្រមចុះមកដីវិញ ហើយក៏បានលុតជង្គង់ សូមទោសបងប្អូន និងអ្នកជិតខាងផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖