ភ្នំពេញ៖ ស្រ្តីម្នាក់ បានរងនៅកំណ្ដាប់ដៃបុរសម្នាក់ចំកណ្ដាលមុខ បណ្ដាលឲ្យហូរឈាមច្រមុះ ព្រោះតែរឿងជំពាក់លុយ១០០ដុល្លារ ភ្លាមនោះជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ចាត់ការតាមផ្លូវច្បាប់ ។
ករណីហិង្សាបង្ករបួសស្នាមប្រើដៃវាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុចផ្ទះជួលបន្ទប់លេខ 04 ផ្លូវ304 ក្រុមទី17 ភូមិ 2 សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនដៃដល់ ឈ្មោះ ហ្វាន លឹមហេង ភេទប្រុស អាយុ 41 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 561 ផ្លូវលំ ភូមិ បោះអង្គាញ់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ( ជនសង្ស័យពុំមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ នៅ សុលីណា ភេទស្រី អាយុ 38 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ04 ផ្លូវ304 ក្រុម17 ភូមិ02 សង្កាត់បឹងកេងកងទី2 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ មុខរបរ នៅផ្ទះ ។ (ជនរងគ្រោះ ឈាមច្រមុះ ) ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងស្នាក់ក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យបានមកទារលុយចំនួន100$ ( មួយរយដុល្លាអាមេរិក) ដែលជនរងគ្រោះជំពាក់ ពេលនោះជនរងគ្រោះក៏សួរទៅជនសង្ស័យរកស្ពីកឃ័ររបស់ខ្លួនវិញ ស្រាប់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នា រហូតជនសង្ស័យខឹងក៏វាយមួយដៃទៅលើជនរងគ្រោះចំកណ្ដាលមុខ បណ្ដាលឲ្យឈាមច្រមុះតែម្តង ។ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ភ្លាមនោះសមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ យកមកទីស្នាក់ការប៉ុស្ដិ៍ ដើម្បីសាកសួរតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសុំណុំរឿងចាក់ការតាមនីតិវិធី ៕ ស រស្មី