ភ្នំពេញៈ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ក្នុងការលើកម្ពស់សិទ្ឋិសេរីភាព យែនឌ័រ និងការចូលរួមរួមរបស់ស្ត្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល , វិស័យសេវាកម្ម ដូចជាធនាគា សណ្ឋាគារ, ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។ ហើយទាក់ទងនឹងវិស័យយោធានេះ សម្តេចតេជោក៏បានកោតសរសើរតួនាទីស្ត្រីក្នុងវិស័យយោធា ដែលថ្មីៗនេះមានមានស្ត្រីមួយចំនួន ដែលបានចូលរួមក្នុងកម្លាំងប្រត្តិការជួយយសង្គ្រោះក្នុងហេតុការណ៍បាក់អគារកាលពីពេលថ្មីៗកន្លងទៅនេះ ពីព្រោះគេបានចូលរួមយ៉ាងសកម្មដែលបង្ហាញនូវភាពក្លាហានក្នុងការជួយសង្គ្រោះ មិនចាញ់បុរសនោះឡើយ។ សម្តេចតេជោក៏បានអរគុណផងដែរចំពោះស្ត្រីដែលបានចូលរួមក្នុងកម្លាំងកងរក្សាសន្តិភាពមួកខៀវនៃអង្គការសហប្រជាជាតិ ដែលបានចូលរួមក្នុងប្រទេសមួយចំនួនដូចជា ប្រទេសអៀរ៉ាក់, សៀរី, យ៉េម៉ែន, ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីនូវអនុសាសន៍សំខាន់ចំនួន ១១ ចំណុចដូចកាលពីឆ្នាំមុនដដែល ដើម្បីលើកម្ពស់ការចូលរួមរបស់ស្រ្តី អោយទទួលបាននូវការរីកចម្រើន និងផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្នុងសង្គម ក្នុងនោះសម្តេចតេជោក៏បានបន្ថែមនូវចំនុចសំខាន់ៗមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញអោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការណ៍បន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីអោយឆាប់ រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ។ សម្តេចតេជោសុំអោយក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះ ដែលបច្ចប្បន្ននេះលឺថាមានជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តី ចូច្នេះត្រូវពន្លឿនសំណុំរឿងនេះអោយបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។ សម្តេចតេជោ ហ៊ុន សែន សុំអោយក្រសួងការងារ ត្រូវតាមដានពលការិនីដែលទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពរបស់ពួកគេ និងការពារការរំលោភបំពានផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមានការបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិល ជាស្ត្រីតាមការបណ្តុះបណ្តាលសមត្ថភាព ដើម្បីអោយស្ត្រីបានកាន់តួនាទីផ្សេងៗក្នុងក្រសួងស្ថាប័ន ដើម្បីអោយចំនួនស្ត្រីមានការកើនឡើងជាបន្តបន្ទាប់ទៀត។
សម្តេចតេជោបានបន្តទៀតថា កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ ហើយគិតតាំងពីឆ្នាំ២០១៨មក មានស្ត្រីជាង១៥ម៉ឺននាក់ ដែលបានឆ្លងទន្លេ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការនីដែលទទួលបានការពិនិត្យផ្ទៃពោះដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកាក្នុងពេលសម្រាលកូនទៀតផង។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០%ទៀតផង។ ដោយឡែក ស្ត្រីក្រក្រី គឺទទួលបានការឧបត្ថម្ភតាំងពីមានផ្ទះពោះ , ពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។ ទាក់ទងនឹងវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឲ្យស្ត្រីបានបន្តការសិក្សាឲ្យបានច្រើនដើម្បីឲ្យធនធានមនុស្សរបស់យើងកាន់តែសំបូរបែប។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សូមសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នា៕