ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដំណើរភ្ញៀវទេសចរណ៍ចំរុះជាតិសាស្ដ្រ ដែលចុះពីនាវាទេសចរ Westerdam ដើម្បីបន្ដដំណើរកំសាន្ដ នៅរាជធានីភ្នំពេញចំនួន១២០នាក់ ក្នុង ចំណោម ៦២០នាក់ តាមរយៈរថយន្ដ ក្រុងសាធារណៈ មុននឹងពួកគេ ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេសចុះពីនាវាWesterdam ដែលមកសម្រាក នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ច តាមរមណីយដ្ឋាន តាមដងទន្លេចតុមុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែល ភ្ញៀវបរទេសទាំងអស់ ត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ ។
ការជូនជនបរទសធ្វើទស្សនកិច្ចនេះ អមដំណើរដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក នួនផារត័្ន អភិបាលរងរាជធានីភ្នំពេញ ដើម្បីចង់បង្ហាញពី ការអភិវឌ្ឍ និងសុខសន្ដិភាព សុខុដុមរនា ភាពរីកចំរើនរបស់រាជ រដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជាចក្រកម្ពុជា ហ៊ុន សែន ។
សូមរំលឹកថា៖ ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មាន រោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយ បារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជី អ្នកដំណើរបង្ហាញថា នាវាទេសចរខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍ ក្នុងនោះជន ជាតិអាមេរិកច្រើនជាងគេ មានរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិ សាសន៍ដទៃ ក្នុងនោះមានជនជាតិខ្មែរ ដែលចូលសញ្ជាតិកាណាដាចំនួន៥នាក់ផងដែរ៕ សំរិត