ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងជល់មាន់សង្វៀនចល័តមួយក្រុមត្រូវបានសមត្ថកិច្ចឆ្មក់ចូលក្របួចជាប់ ខណៈកំពុងស្រែកហ៊ោរតចុះតឡើង ។ ក្រោយបង្ក្រាបសមត្ថកិច្ចដកហូតបានសំភារមួយចំនួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ការបង្ក្រាបក្រុមជលើមាន់នេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង ៣០នាទី ស្ថិតនៅចម្ងាយប្រហែល៥០ម៉ែត្រក្នុងព្រៃខាងកើតភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្រ្កាបទីតាំងជល់មាន់មួយកន្លែងរ និងឃាត់ខ្លួនមុខសញ្ញាលេងល្បែងស៊ីសងជល់មាន់បានចំនួន៨នាក់ ឈ្មោះ សាន អាន ភេទប្រុស អាយុ៥៤ឆ្នាំនៅភូមិឧកញ្ញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះសាន សៀម ភេទប្រុស អាយុ៥៣ឆ្នាំនៅភូមិជើងអក ឃុំលំហាច ស្រុលអង្គស្នួល ខេត្តកណ្ដាល, ឈ្មោះជា សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល, ឈ្មោះសុខ ណារិន ភេទប្រុស អាយុ៣២ឆ្នាំ, ឈ្មោះសេង ប៉ាវ ភេទប្រុស អាយ២៨ឆ្នាំ, ឈ្មោះ នង ចាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ, ឈ្មោះសាយ វិរ: ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះកែវ ជ័យ ភេទប្រុស អាយុ៦០ឆ្នាំនៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា ក្រោយបង្ក្រាបសមត្ថកិច្ចដកហូតបានវត្ថុតាង សង្វៀនជល់មាន់ចំនួន០១ (ចល័ត) ចង្រ្កានហ្គាស់ចំនួន០១ មាន់ជល់ចំនួន០២ក្បាល ។
ករណីខាងលើនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ជំនាញកំពុងតែសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ