ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ដល់ពេលចាត់ការប្រធានមន្ទីរសាធារណការខេត្តពោធិ័សាត់ហើយឬនៅ

ចែករំលែក៖

មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយយ៉ាងពេញទំហឹងរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ លាតត្រដាងជាបន្តបន្ទាប់ ហើយបណ្តាញព័ត៌មាននានាក៏បានចុះផ្សាយជាសាធារណៈដែរ។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាទៅលើគំរោងជូសជុលផ្លូវ ស្ថាបនាផ្លូវក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាប្រមូលលុយពីតាមបណ្តាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅក្នុងខេត្តពោធិ៍សាត់។

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឲ្យដឹងថា បារ៉ាស់ដាក់កាត់ទទឹងផ្លូវហាមឃាត់រថយន្តធុនធ្ងន់ឆ្លងកាត់របស់មន្ទីរសាធារណការខេត្តពោធិ៍សាត់ នៅលើផ្លូវបំបែកលាច ក្នុងសង្កាត់រលាប មុខបញ្ជាការដ្ឋានអាវុធហត្ថក្នុងពោធិ៍សាត់បានក្លាយទៅជាកន្លែងប្រមូលលុយយ៉ាងសុខស្រួលរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ដែលល្បីល្បាញខាងពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីស្និទ្ធនឹងលោក កាង ប៉េងហាក់ ម្នាក់គឺជាអ្នកចាំបិទបើកបារ៉ាស់យកលុយពីម្ចាស់រថយន្តធុនធំដែលបើកបរឆ្លងកាត់នៅផ្លូវបំបែកនោះទាំងយប់ទាំងថ្ងៃដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ម្ចាស់រថយន្តធុនធំបើកបរឆ្លងកាត់បារ៉ាស់នោះត្រូវបង់លុយក្នុង១គ្រឿង២ម៉ឺនរៀលដល់៥ម៉ឺនរៀល ហើយក្នុងមួយថ្ងៃៗមានរថយន្តធុនធំរាប់រយគ្រឿងបើកបរឆ្លងកាត់ ដូច្នេះគេប្រមូលលុយតាមរបៀបកុងត្រូលជជុះបានយ៉ាងសន្ធឹកសន្ធាប់។

ប្រភពស្និទ្ធនឹងលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នលោក កាង ប៉េងហាក់ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀតហើយបារ៉ាស់នៅចំណុចផ្លូវបំបែកលាច ក្នុងសង្កាត់រលាប ក្លាយជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ផងដែរ។ ជាងនេះទៅទៀតលោក កាង ប៉េងហាក់ បានឃុបឃិតឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើន។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈូន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបណ្តោយឲ្យលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងបក្ខពួកបង្កើនសកម្មភាពពុករលួយយ៉ាងរលូនតែម្តង៕


ចែករំលែក៖