ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជើងខ្លាំង ដែលវាយនគរបាលចរាចរម្នាក់ នៅស្តុបដេអិន ទទួលស្គាល់កំហុសនិងធ្វើការសុំទោសជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីលោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ស្ត្រីជើងខ្លាំងម្នាក់ ដែលបើកបរម៉ូតូគ្មានស្លាកលេខ ល្មើសគំនូសសញ្ញាចរាចរណ៍ ហើយវាយមកលើសមត្ថកិច្ចនគរបាលចរាចរណ៍ម្នាក់ ពេលនេះគាត់បានទទួលសារភាពនូវកំហុស និងធ្វើការសុំទោសជាសាធារណៈ ខណៈដែលខ្លួនបើកបរល្មើសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វើមកលើសមត្ថកិច្ច ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ បន្ទាប់ពីស្ត្រីរូបនេះ បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ ពេលនោះត្រូវបានសមត្ថកិច្ចឃាត់ម៉ូតូ ដើម្បីធ្វើការផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះដែលជាអ្នកបោះសំអាតផ្លូវ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញស្ត្រីបង្កហេតុ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈនោះស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជើងនៅគោលដៅទីនោះ បានហៅស្ត្រីខាងលើ ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នា ជាខ្លាំង រួចមក ស្ត្រីខាងលើបានដកទូរស័ព្ទមកថតសមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលើវិញ ។ ភ្លាមនោះស្ត្រីខាងលើបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់ផងដែរ ។

ក្រោយកើតហេតុស្ត្រីខាងលើ និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជើងគោក នៅខាងក្រោយព្រះបរមរាជវាំង ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ ៕ ស រស្មី


ចែករំលែក៖