ភ្នំពេញ៖ តារាសម្តែងសាច់ដុំលោក សន ពិសិដ្ឋ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពីតារាប្រុសរូបនេះបង្ហាញមុខក្នុងភាពយន្តខ្នាតធំបែបស្នេហាស្រុកស្រែរឿង អន្ទាក់ស្នេហ៍ ដោយជួបជាមួយដៃគូសម្តែងថ្មីអ្នកនាង សុខ សោម៉ាវត្តី ។ ជំនួបគ្នាលើកដំបូងមែន ប៉ុន្តែសន ពិសិដ្ឋចាប់អារម្មណ៍ និងពេញចិត្តដៃគូសម្តែងថ្មីនេះជាខ្លាំង ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រកាសសម្ពោធចាក់បញ្ចាំងភាពយន្តខ្នាតធំស្នេហាបែបស្រុកស្រែ រឿង អន្ទាក់ស្នេហ៍ របស់ផលិតកម្ម SPACE SP នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន២ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ ផលិតករជាច្រើនរូប ។ តួឯកប្រុសក្នុងភាពយន្តនេះគឺ លោក សន ពិសិដ្ឋ បានលើកឡើងថាជាភាពយន្តមានរសជាតិថ្មីបែបស្រុកស្រែ បង្កប់ដោយអត្ថន័យស្នេហាស៊ីជម្រៅលាយឡំនិងកំប្លែង និងកម្សត់ ។
លោកថា ការចូលរួមថតភាយន្តនេះឆ្លងកាត់ការលំបាកច្រើនហើយលោកមានឈុតឆាកជាច្រើនដែលត្រូវសម្តែងជាមួយសត្វក្របី ប៉ុន្តែទាំងលោក សិល្បករ និងផលិតករពិតជាខិតខំដើម្បីធ្វើឲ្យភាពយន្តនេះមានគុណភាព ។ លោកថាលើកនេះលោកបានជួបជាមួយដៃគូសម្តែងថ្មី គឺអ្នកនាង សុខ សោម៉ាវត្តី ។
លោកថា តួឯកស្រីពិតជាតារាស្រីដែលមានទាំងសម្រស់ សមត្ថភាព និងភាពរួសរាយរាក់ទាក់ ។ លោកថាភាពស្និទ្ធស្នាលការចែករំលែកបទពិសោធន និងជួយលើកទឹកចិត្តលោកឲ្យសម្តែងបានកាន់តែល្អ និងបង្កើតការចងចាំ អនុស្សាវរីយ៍ល្អៗជាមួយនាង និងក្រុមការងារច្រើន ។ លោករំពឹងថានឹងទទួលបានឱកាសម្តែងរួមគ្នាជាមួយតារាស្រីរូបនេះជាថ្មីក្នុងភាពយន្តបន្ទាប់ ។
គួរបញ្ជាក់ដែរថា ក្រៅពីតារាសម្តែងប្រុសស្រីល្បីឈ្មោះខាងលើ ភាពយន្តខ្នាតធំរឿង អន្ទាក់ស្នេហ៍ ក៏ចូលរួមសម្តែងដោយតារាប្រុសស្រីជាច្រើនរូបមានដូចជា លោកគ្រូ អន សុភៈ , កញ្ញា នីតា វរវង្ស, លោក រី ជីវ័ន្ត , នាយតឹង និងសិល្បករប្រុសស្រីជាច្រើនរូបទៀត ។ ភាពយន្តនេះនិពន្ធដោយ លោកសាស្ត្រាចារ្យ ចាន់ សារិន ដឹកនាំសម្តែង ដោយលោក វ៉ន ប៊ុនស៊ីម និងគ្រោងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ៕ វឌ្ឍនា