ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំង ០៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចោរកម្ម លួចកាច់ ក ម៉ូតូ ។
មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ០៤នាក់នេះ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស ដែលគេ ចតទុកមុខផ្ទះ នៅចំណុចបុរីម្តុំហាងនំប៉័ងបាយ័ន ខណ្ឌជ្រោយចង្វា បានសម្រេចម្តងរួចមកហើយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយពួកគេបានបន្តធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ 1BC-1267 បានសម្រេចម្តងទៀត នៅម៉ោង រំលងអធ្រាត្រ នៅចំណុច ផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បន្ទាប់ពីពួកគេធ្វើសកម្មភាពផ្ទួនៗ ជាប់គ្នា ប្រជាពលរដ្ឋ ជាជនរងគ្រោះ ដែលត្រូវបានក្រុមចោរទាំងនេះ លួចកាច់ ក យកម៉ូតូទៅបាត់បានដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីឲ្យជួយស្រាវជ្រាវឃាត់ខ្លួន ក្រោយពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌជ្រោយចង្វា បានស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង០៩:៥០នាទី ។
ជនសង្ស័យទាំងនេះ ឈ្មោះ ឆាយ រដ្ឋា អាយុ ២១ឆ្នាំ , ឈ្មោះ សេន សាគី ហៅពៅ អាយុ ១៩ឆ្នាំ , ឈ្មោះ អ៊ី ណាវី អាយុ ២៣ឆ្នាំ និងឈ្មោះ សុះ អារ៉ាហ្វីន អាយុ ៣១ឆ្នាំ ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៤នាក់នេះ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ពិតប្រាកដមែន ហើយពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃរយៈពេលមួយឆ្នាំមកហើយ ក្រោយពេលប្រើប្រាស់គ្រឿងញៀនហើយ ពួកគេ តែងតែឆ្លៀតឱកាសចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ,ទូរស័ព្ទដៃ និងសម្ភារៈមានតម្លៃ ដែលម្ចាស់ទុកក្រោមផ្ទះ ឬក្នុងបន្ទប់ បានសម្រេចជាច្រើនលើកមកហើយដែរ ៕ ជ្រោយពេជ្រ