ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកលោកតាធាក់ស៊ីក្លូម្នាក់ស្លាប់នៅនឹងកន្លែង ហើយរថយន្តបើកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ លោកតាម្នាក់ធាក់ស៊ីក្លូ ត្រូវបានរថយន្តកាមរីបើកបុកពីក្រោយ បណ្តាលឲ្យអូសស៊ីក្លូជាង ១០០ម៉ែត្រ ស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្ត បើករត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា លោកតាធាក់ស៊ីក្លូមានឈ្មោះ កង អឿន អាយុប្រហែល ៧០ទៅ៨០ឆ្នាំ ជាអ្នករត់ស៊ីក្លូ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅឯព្រែកហូរ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញតាធាក់ស៊ីក្លូ ធ្វើដំណើរតែម្តងឯង ដោយមានកំប៉ុងអេតចាយជាច្រើន នៅលើស៊ីក្លូ តាមបណ្តោយផ្លូវសុរាម្រិតក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរីហាយប្រ៊ិត ពណ៌ស ស៊េរី០៧ មិនចាំស្លាកលេខ បើកបរស្របទិសដៅគ្នា ជាមួយស៊ីក្លូ យ៉ាងលឿន មកបុកស៊ីក្លូពេញទំហឹង បណ្តាលឲ្យតាស៊ីក្លូជាប់នៅក្រោមរថយន្ត អូសជាង១០០ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ចំណែរថយន្តមិនបានឈប់នៅដោះស្រាយនោះទេ បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។

បន្ទាប់ពីកើតហេតុនេះ សពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់នៅវត្តទួល ដើម្បីរង់ចាំសាច់ញ្ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖