ខេត្តស្វាយរៀង៖ ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វាអន្តរជាតិបាវិតហាក់មានទំនុកចិត្តមកលើមន្ត្រីចត្តាឡីស័កប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិតដែលក្រសួងសុខាភិបាលបានដាក់មន្ត្រីប្រចាំការ និងម៉ាស៊ីនស្គែនត្រួតពិនិត្យរកវិរុស Covid19 ដែលជាជំងឺផ្លូវដង្ហើមថ្មីដ៏កាចសាហាវដែលបានផ្តាច់ជីវិតជនជាតិចិនជាច្រើននាក់ ។
បើតាមលោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមចត្តាឡីស័កប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិតបានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មន្ត្រីចត្តាឡីស័កបានធ្វើការត្រួតពិនិត្យវីរុសកូរ៉ូណា (covid19) នេះ ដោយបំពាក់ម៉ាស៊ីនស្គែនគ្រប់ភ្ញៀវទាំងអស់ប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅមន្ត្រីជំនាញ នឹងនាំភ្ញៀវនោះចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យ និងវាស់កំដៅសាជាថ្មីបើរកឃើញថាវិជ្ជមាន (កូរ៉ូណា) នៅលើភ្ញៀវ មន្ត្រីចត្តាឡីស័កត្រូវពាក់សំលៀកបំពាក់ការពារសុវត្ថិភាពហើយបញ្ជូន ជនរងគ្រោះទៅកាន់អាគារសុវត្ថិភាពឲ្យដេកនៅលើគ្រែពេទ្យដែលមានបំពាក់បំពង់ខ្យល់អុកស៊ីស៊ែន និងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាន និងសង្គ្រោះ ហើយបើត្រូវបញ្ជូនជនរងគ្រោះយើងក៏មានរថយន្តសាមុយ១គ្រឿង យកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូមកប្រចាំការ២៤ម៉ោងដោយមានបំពាក់បរិក្ខារពេទ្យ និងគ្រូពេទ្យត្រៀមប្រចាំការផងដែរ ។
បើតាមលោក អ៊ឹម បុត្រ បានបញ្ជាក់ថាការពិនិត្យរោគសញ្ញានៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះកូរ៉ូណា រឺ(covid)នៅច្រកទ្វាអន្តរជាតិបាវិតនេះគឺបានធ្វើឡើងគ្រប់ភ្ញៀវទាំងអស់ដែលចូលមកកម្ពុជាពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុកជំងឺផ្លូវដង្ហើមថ្មីនេះនៅឡើយទេ ។
បើតាមការសង្កេតនោះ ភ្ញៀវចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតនេះ មានគ្រប់ជាតិសាសគឺពួកគេមានការយល់ដឹងច្រើន ដោយអ្នកខ្លះមានពាក់ម៉ាស់ការពារសុវត្ថិភាព និងអ្នកខ្លះទៀតគឺពុំបានពាក់ម៉ាស់នោះទេ ដោយពួកគេហាក់មានទំនុកចិត្តយ៉ាងខ្លាំងទៅលើមន្ត្រីជំនាញប្រចាំការនៅទីនោះ ជាពិសេសមកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដែលរហូតមកដល់ពេលនេះប្រជាជនកម្ពុជា មិនទាន់មានអ្នកឆ្លងជំងឺ covid19 នេះនៅឡើយទេ ដូច្នេះទើបភ្ញៀវទេសចរមិនខ្លាចជំងឺផ្លូវដង្ហើម ហើយភ្ញៀវខ្លះពុំមានពាក់ម៉ាស តែមន្រ្តីចត្តាឡីស័កប្រចាំការនៅបញ្ជរច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានចែកម៉ាស់ឲ្យភ្ញៀវពាក់ហ្វ្រីដោយឥតគិតថ្លៃជូនភ្ញៀវផងដែរ៕ យឹម សុថាន