ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអភិបាលខណ្ឌ ទាំង១៤ ត្រូវធ្វើការយកចិត្តទុកដាក់ ឲ្យបានម្មត់ចត់លើកិច្ចការត្រួតពិនិត្យ នៅតាមការដ្ឋានសំណង់ធំៗរៀងៗខ្លួន ជាពិសេសអគារខ្ពស់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាពជៀសវាងការសាងសង់សំណង់ ខុសបច្ចេកទេស ដែលអាចឲ្យមានបញ្ហាកើតឡើងជាយថាហេតុ ។
ការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលមានការចូលរួមពីអាជ្ញាធពាក់ព័ន្ធរួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ ក៏បានជំរុញឲ្យ អាជ្ញាធរ ខណ្ឌត្រូវចុះពិនិត្យមើលរាល់ការដ្ឋានសាង់សង់ក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអគារខ្ពស់ៗ ដែលកន្លងមកធ្លាប់មាន បញ្ហាធ្លាក់ និងបាក់ដងស្ទូចសំរាប់យោងសម្ភារៈឡើងទៅខាងលើការដ្ឋាន ជាហេតុនាំឲ្យមានគ្រោះថ្នាក់ ដល់ប្រជាណលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។
លោក អភិបាលរាជធានីក៏បានមានប្រសាសន៍ សង្កត់ធ្ងន់ថា រាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវធានាឲ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរដែលឆ្លងកាត់ការដ្ឋាន និងត្រូវហ៊ុមព័ទ្ធការដ្ឋានឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេក ទេស សំណង់ ជាពិសេសកម្មករ កម្មការិនី មិនត្រូវអនុញ្ញាតិឲ្យសំរាក ឬស្នាក់នៅក្នុងការដ្ឋាននោះ ជា ដាច់ខាត រាល់ពេលបញ្ចប់ម៉ោងការងារ ត្រូវទៅ សម្រាក់នៅកន្លែងផ្សេងៗ ជៀសវាងកើតមានហានិភ័យដោយយថាហេតុ ក្នុងការរដ្ឋាននោះ ៕ សំរិត