ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្ត ពោធិ៍សាត់បានឲ្យដឹងថា សព្វថ្ងៃនេះរថយន្តដឹកខ្សាច់រាប់សិបគ្រឿងក្នុងមួយយប់ៗ បានដឹកខ្សាច់ ទម្ងន់រាប់រយតោនចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅខេត្តបន្ទាយមានជ័យ។ គេអះអាងថា ករណីរថយន្តដឹកខ្សាច់នេះ ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់។ រថយន្តដឹកខ្សាច់ ធ្វើសកម្មភាពបែបលាក់បាំង ពោលគឺពួកគេចរាចរតែពេលយប់ ប្រយោជន៍កុំឲ្យប្រជាពលរដ្ឋឃើញ និងនាំឲ្យមានការរិះគន់។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកខ្សាច់រាប់សិបគ្រឿងបានចរាចរ រៀងរាល់យប់ ដែលរថយន្តមួយគ្រឿងអាចដឹកខ្សាច់បានចំណុះ៧៥ម៉ែត្រគូប និង មានទម្ងន់ជាង១០០តោនឯណោះ។ សាកគិតមើលថាតើផ្លូវជាតិលេខ៥ អាចទ្រទម្ងន់ រថយន្តដែលដឹកខ្សាច់ជាង១០០តោននោះបានដោយរបៀបណា? ចរាចររបស់រថយន្ត ដឹកខ្សាច់ បានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ផ្លូវជាតិលេខ៥ ដែល ធ្វើឲ្យរញ្ជួយផ្លូវជាតិលេខ៥ កន្លែងខ្លះមានការប្រេះស្រាំទៅហើយ។ ប្រភពបាន បន្ថែមថា លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានដឹងអំពី មហន្តរាយនេះដែរ ប៉ុន្តែធ្វើម៉េចបើវាជារឿងផលប្រយោជន៍របស់ខ្លួន ដូច្នេះ មានតែជួយលាក់បាំង និងធ្វើមិនដឹងមិនឮតែប៉ុណ្ណោះ។
ប្រភពពីក្រុមម្ចាស់រថយន្តដឹកខ្សាច់ទាំងនោះបានអះអាងថា ក្នុងរថយន្តដឹកខ្សាច់ មួយគ្រឿង ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រូវបង់ប្រាក់១០ម៉ឺនរៀល ជូនស្ថាប័នជំនាញ។ ក្រៅពីនោះក៏ត្រូវបង់ជូនអាជ្ញាធរខេត្តផងដែរ។ ថៅកែខ្សាច់ជា អ្នកចាត់ចែងប្រាក់ប្រគល់ជូនស្ថាប័នជំនាញ និងថ្នាក់ដឹកនាំទៅតាមស្ថានភាពជាក់ស្តែង ពោលគឺជួនកាលមួយសប្តាហ៍ម្តង ឬពីរសប្តាហ៍ម្តង។ ប្រភពអះអាងថា ទាំងមន្ទីរ សាធារណការ និងថ្នាក់ដឹកនាំខេត្ត បាននឹងកំពុងព្យាយាមលាក់បាំងអំពីរឿងនេះពី ព្រោះថា បញ្ហារថយន្តដឹកខ្សាច់ទម្ងន់ជាង១០០តោន ដែលកំពុងបំផ្លាញផ្លូវជាតិលេខ ៥នេះ វាបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរខ្លាំងណាស់។ ដូច្នេះទាំងស្ថាប័នជំនាញ និងអា ជ្ញាធរខេត្តមានតែព្យាយាមលាក់បាំងតែប៉ុណ្ណោះ។ គេរំពឹងថា មានតែថ្នាក់ដឹកនាំនៃ ក្រសួងសាធារណការតែប៉ុណ្ណោះដែលអាច ចាត់វិធានការក្នុងរឿងនេះបាន៕