ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាបុគ្គលិកក្លឹប អ៊ិចហ្សូម ក្រោយធ្វើសកម្មភាពលួចយកម៉ូតូមិត្តភក្តិបានសម្រេចហើយគេចខ្លួនបាត់ជិតកន្លះឆ្នាំ ក៏ត្រូវជនរងគ្រោះប្រទះឃើញជនសង្ស័យនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ គឹម ឡុង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្លឹបកម្សាន្ត (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ សើរ ច័ន្ទដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៧៧បេតេ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកពីជនសង្ស័យ ៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ស សេរី២០១៩ (បិទតែម២០២០) ពាក់ស្លាកលេខ ភ្នំពេញ 1HO 2034 ។
សម្ភារបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ (បិទតែ២០១៩) ពាក់ស្លាកលេខ ភ្នំពេញ 1FR 9660 ។
យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០៣ និង ៤0 នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ សើរ ច័ន្ទដារ៉ា បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FR-9660 ជាមួយសង្សាររបស់ខ្លួនទៅរាំលេងនៅក្លឹប អ៊ិចហ្សូម ស្ថិតនៅសង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ពេលទៅដល់ក្លឹបក៏បានជួបជាមួយជនសង្ស័យឈ្មោះ គឹម ឡុង ក៏បាននាំគ្នាផឹកស៊ីជាមួយគ្នា ក្រោយមកជនរងគ្រោះ និងសង្សាររបស់គេបានចេញពីក្លឹបទៅដេកនៅផ្ទះសំណាក់មួយកន្លែងមានយីហោ ពន្លឺថ្មី ផ្លូវលេខ២១៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (កន្លែងកើតហេតុ) ។ ស្រាប់តែជនសង្ស័យ បានឡើងមកគោះទ្វារបន្ទប់របស់ជនរងគ្រោះហើយខ្ចីម៉ូតូពីជនរងគ្រោះ ខណៈនោះជនរងគ្រោះមិនព្រមឲ្យខ្ចីទេក៏បិទទ្វារបន្ទប់ដេកទៅ ហើយជនសង្ស័យក៏ចុះក្រោមត្រឡប់ទៅវិញ ។
ប្រភពដដែលបន្តថា មួយសន្ទុះក្រោយមកជនសង្ស័យក៏ឡើងមកគោះទ្វារបន្ទប់ម្ដងទៀត ពេលនោះជនរងគ្រោះបានដេកលក់ហើយ តែសង្សាររបស់ជនរងគ្រោះជាអ្នកបើកទ្វារបន្ទប់ឲ្យជនសង្ស័យចូលក្នុងបន្ទប់ ហើយជនសង្ស័យក៏ចូលទៅយកកូនសោម៉ូតូជនរងគ្រោះជិះម៉ូតូរបស់ជនរគ្រោះគេចចេញបាត់ទៅ ។ ភ្លាមនោះសង្សារជនរងគ្រោះបានប្រាប់ទៅជនរងគ្រោះថាជនសង្ស័យឈ្មោះ គឹម ឡុង បានយកកូនសោម៉ូតូជិះម៉ូតូចេញបាត់ហើយ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ តែម្ដង ។ លុះមកដល់ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០៥និង៣០នាទី ទៀបភ្លឺ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យខាងលើ នៅចំណុចបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមនីតិវិធីបន្ត ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គឹម ឡុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ ភារ៉ា ដង្កោ