ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនរថយរដ្ឋមន្រ្ដី​ការពារជាតិយេមែនរងការវាយប្រហារ រដ្ឋមន្ត្រីរួចផុតពីក្តីស្លាប់

ចែករំលែក៖

ក្រុមឧទ្ទាមនៅក្នុងប្រទេសយេមែនបានបង្កប់គ្រាប់មីន តាមផ្លូវ ដើម្បីកម្ទេចក្បួនរថយន្តរបស់រដ្ឋមន្ត្រីការពារជាតិ ​យេមែន។ តែភព្វសំណាងរដ្ឋមន្ត្រី​រួចផុតពីក្តីស្លាប់ ។

បើយោងតាមសារព័ត៌មាន The National បានដកស្រង់សម្ដីរបស់យោធា យកមកចុះផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ថា ក្បួនរថយន្ដអមដំណើររបស់លោក Brig Mohammed Al Maqdashi រដ្ឋមន្រ្ដី​ការពារជាតិយេមែន បានកិនចំពីលើគ្រាប់មីនបង្កប់ក្នុងដី។ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននោះ បានបណ្ដាលឲ្យកងទ័ពយេមែន ចំនួន៦នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។

ប្រភពព័ត៌មានដដែល បានបន្ដថា ការផ្ទុះមីនបង្កប់ក្រោមដីនោះ បានកើតឡើង ខណៈលោករដ្ឋមន្រ្ដី​ការពារជាតិយេមែន លោក Brig Mohammed Al Maqdashi កំពុងធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពរបស់ខ្លួន ដែលកំពុងប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាម ហ៊ូធី។ នៅក្នុងហេតុការណ៍នោះ មិនបានធ្វើឲ្យលោករដ្ឋមន្រ្ដី រងរបួសនោះទេ ប៉ុន្ដែកងអង្គរក្សរបស់លោក ចំនួន៦នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងនោះ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា កងទ័ពដែលបានស្លាប់ នៅក្នុងហេតុការណ៍ខាងលើនេះ គឺភាគច្រើនជាសាច់ញាតិរបស់លោករដ្ឋមន្រ្ដីក្រសួងការពារជាតិយេមែន។ ដោយឡែកអ្នករងរបួស ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងខេត្ត Marib ។

ការវាយប្រយុទ្ធគ្នា រវាងកងទ័ពយេមែន និងក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្ដកើតមាន នៅក្នុងតំបន់ Sirwah និង Al Jawf នាភាគខាងជើង នៃប្រទេសយេមែន (Yemen) ។

លោកវរសេនីយ៍ Wathah Al Dubaish អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះ បានថ្លែងថា កងទ័ពសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប់ បានបើកការវាយប្រហារទៅលើតំបន់ Hodeidah បណ្ដាលឲ្យក្រុមឧទ្ទាមជាង១០នាក់ស្លាប់។ នេះជាការវាយប្រហារ រារាំងទៅលើ ក្រុមឧទ្ទាម ចង់ដណ្ដើមកាន់កាប់ទីក្រុង ភាគខាងកើត ខេត្ត Al Duraihimi ប្រទេសយេមែន។

លោកវរសេនីយ៍ Wathah Al Dubaish បានបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធី កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានព្យាយាមចូលកាន់កាប់តំបន់ភាគខាងកើត ទីក្រុង Al Duraihimi ដែលគ្រប់គ្រង ដោយកងកម្លាំងរបស់យើង ទើបបណ្ដាលឲ្យមានការវាយប្រយុទ្ធគ្នា យ៉ាងខ្លាំង។ នៅក្នុងការប៉ះទង្គិចគ្នានោះ បានធ្វើឲ្យក្រុមឧទ្ទាម ជាង១០នាក់ស្លាប់៕


ចែករំលែក៖