ខេត្តប៉ៃលិន: បុរសមានមុខរបររត់ម៉ូតូឌុបម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅ ខេត្តប៉ៃលិនចាប់ខ្លួន តាមពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់ដោយចោទប្រកាន់ថា បុរសរូបនេះបានចាប់រំលោភសេពសន្ថវៈលើរូបនាង បានសម្រេច ពេលជិះម៉ូតូឌុបបុរសម្ណាក់នេះចេញពីលេងផ្ទះមិត្តភក្តិ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៣៥នាទីរសៀលថ្ងៃ ពុធ ១១ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ នៅ ត្រង់ចំណុចផ្លូវបំបែកជាបួនអូរកម្មករ ស្ថិតភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណ.ល.ដ ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរស៊ីឈ្នួលលក់បាយឲ្យគេ មានទីលំនៅនៅខេត្តបាត់ដំបង។
ចំណែកជនសង្ស័យឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹង នៅវេលាកើតហេតុ គាត់បានហៅជនសង្ស័យឲ្យជិះម៉ូតូឌុបនាង ទៅលេងផ្ទះមិតភក្តិម្នាក់នៅភូមិអូរឈើក្រំ ។ ក្រោយអង្គុយលេងជាមួយមិត្តភក្តិបានមួយសន្ទុះ នាងក៏បានឲ្យជនសង្ស័យដឹកត្រឡប់មកផ្ទះវិញហើយមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ជនសង្ស័យបានឈប់ម៉ូតូរួចចាប់អូសដៃនាងចូលទៅកម្ពោតព្រៃមួយក្បែរនោះរួចបានធ្វើសម្មកភាពចាប់រំលោភសេពសន្ថវៈបានសម្រេច ទោះបីនាងខំរើបម្រះពីក្រញាំដៃព្រានតណ្ហារូបនេះយ៉ាងណាក៏ដោយក៏គេចាប់ខ្ទប់មាត់មិនឲ្យស្រែករួចឡើយ ។
ក្រោយចាប់រំលោភសេពសន្ថវៈបានសម្រេចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ឯរូបនាងជាជនរងគ្រោះបានបន្តដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ ហើយក្រោយមក សមត្ថកិច្ចនគរបាលរដ្ឋបាល ស្ទឹងកាច់ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅ តាមឃាត់ខ្លួនជនសង្ស័យបានរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប្រាថ្នា