កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្នុងកិច្ចប្រជុំនៅទីក្រុងវៀនចាន់ ប្រទេសឡាវ រវាង អាស៊ាន និងចិន រដ្ឋមន្ត្រីការបរទេសចិន លោក វាង យី បានលើកឡើងថាចិន និងអាស៊ានបានសហការគ្នាយ៉ាងជិតស្និទ្ធបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ មកទល់ពេលនេះការឆ្លងរាលដាល ក៏ដូចជាអ្នកស្លាប់ ដោយវីរុស ខាងលើ ធ្លាក់ចុះមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២៥ ខែមករា ដែលជាពេលវេលាផ្ទុះឡើងខ្លាំងបំផុត។
ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី កូវីដ-១៩ គិតត្រឹម ម៉ោង៦និង ៣០នាទីថ្ងៃទី២១ ខែកុម្ភៈ មានអ្នកឆ្លងវីរុស កូវីដ-១៩ សរុបមាន ៧៦ ២០២ នាក់ ស្លាប់២២៤៧នាក់។ ក្រៅពីនេះមានអ្នកផ្ទុកវីរុស កូវីដ-១៩បានព្យាបាលជាសះស្បើយកើនឡើងដល់ទៅ១៨ ២២១នាក់ជារឿងមួយដ៏ប្រសើរបំផុត។
ចំនួនអ្នកស្លាប់នៅក្រៅទឹកដីចិនដោយវីរុស កូវីដឥ១៩ មាន១១នាក់ក្នុងនោះមាន៣នាក់នៅជប៉ុន ២នាក់នៅហុងកុង ១នាក់នៅតឺវ៉ាន់ ១នាក់នៅបារាំង ២នាក់នៅអ៊ីរ៉ង់ ១នាក់នៅកូរ៉េខាងត្បូងនិងម្នាក់ទៀតនៅហ្វីលីពីន។ អ្នកស្លាប់ដោយវីរុសកូវីដឥ១៩ នៅក្រៅប្រទេសភាគច្រើនជាអ្នកមានវ័យចាស់។
ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកអ្នកព្យាបាលជាសះស្បើយក៏កើនឡើងច្រើនផងដែរ ជារឿងមួយដ៏ល្អបំផុត ជាសញ្ញាឆ្ពោះទៅរកភាពប្រក្រតីឡើង វិញក្រោយរយៈពេលជិត២ខែកន្លងមក មានអារម្មណ៍តានតឹងដោយបញ្ហាឆ្លងរាលដាលនៃវីរុស កូវីដ-១៩។
នៅពេលនេះដែរ ចិនបានអំពាវនាវដល់ ពិភពលោកទាំងមូលចាប់ផ្តើម ដំណើរការឡើងវិញនៅទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ។ សារព័ត៌មាន South china moring Post បានផ្សាយថារដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាងយី កាលពីថ្ងៃទី២០ ខែកុម្ភៈ បានអំពាវនាវដល់បណ្តាប្រទេសដំណើការសេដ្ឋកិច្ចពាណិជ្ជកម្មឡើងវិញ។ ពេលនេះចិនបានទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើបបានយ៉ាងមានប្រសិទ្ធភាព។
ដោយឡែកនៅក្នុងប្រទេសកូរ៉េខាងត្បូងគិតដល់ព្រឹកថ្ងៃសុក្រនេះមានអ្នកឆ្លងថ្មីៗនៃវីរុស COVID-19 នៅប្រទេសអាស៊ីបូព៌ាមួយនេះ មានដល់ទៅ ៥២ករណីបន្ថែមទៀត ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៥៦ករណី នៅទូទាំងប្រទេស។
ចំនួនករណីឆ្លងថ្មីៗនៃវីរុស COVID-19 បានកើនឡើងស្ទើរបីដង ក្នុងរយៈពេលតែ ០៣ថ្ងៃប៉ុណ្ណោះនៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយករណីឆ្លងភាគច្រើន គឺកើតចេញពីព្រះវិហារគ្រិស្តមួយកន្លែង ដែលស្ថិតនៅទីក្រុងដេហ្គូ (Daegu) ភាគអាគ្នេយ៍ប្រទេស។ ក្នុងចំណោម ៥២ករណីថ្មីៗខាងលើមាន ៤១ករណីត្រូវបានរកឃើញនៅក្រុងដេហ្គូ (Daegu) ដែលស្ថិតចម្ងាយ ៣០០គីឡូម៉ែតពីរដ្ឋធានីសេអ៊ូល ខណៈ០៣ករណីផ្សេងទៀត ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានីសេអ៊ូលតែម្តង។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានសំរេចចិត្តដាក់ក្រុង Daegu និងតំបន់ជិតខាងជា «តំបន់គ្រប់គ្រងពិសេស» បន្ទាប់ពីមានការកើនឡើងនូវចំនួនអ្នកឆ្លងរោគជាបន្តបន្ទាប់ និងករណីស្លាប់ដំបូងរបស់ខ្លួននៅទីនោះដោយសារមេរោគឆ្លង COVID-19៕