ព័ត៌មានទាន់ហេតុការណ៍៖

យកដុំថ្មគប់ត្រូវភ្នែកគេព្រោះខឹងគេបើកម៉ូតូជែង

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ យកដុំថ្មគុបគេ បណ្ដាលឲ្យត្រូវភ្នែករបួសហើមជាំ ព្រោះខឹងជនរងគ្រោះបើកម៉ូតូវ៉ាជែងនឹងម៉ូតូខ្លួនឯង ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី នៅចំណុចតាមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ ភា សុភណ្ឌ័ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) និងទី២-ឈ្មោះ អេង ថាច ភេទប្រុស អាយុ២០ឆ្នាំ  មានទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ឡុង រី ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។ វត្ថុតាងដកហូតបានមាន៖ ដុំថ្មចំនួនមួយដុំ និងម៉ូតូ១គ្រឿងម៉ាកHonda click គ្មានស្លាកលេខ។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូចេញពីផឹកស៊ីផ្ទះមិត្តភក្រ័ ដោយឈ្មោះ អេង ថាច ជាអ្នកបើក រីឯឈ្មោះ ភា  សុភណ្ឌ័ អង្គុយខាងក្រោយកាន់ដុំថ្ម  លុះជិះមកដល់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើខេត្តកណ្តាល ក៏ឃើញជនរងគ្រោះបើកម៉ូតូវ៉ាយ៉ាងលឿន ដោយខឹងជនរងគ្រោះបើកម៉ូតូវ៉ាខ្លួន ហើយក្នុងខ្លួនស្រវឹងស្រាជោគជាំផងនោះ ជនសង្ស័យឈ្មោះ ភា សុភណ្ឌ័ បានយកដុំថ្មគប់លើជនរងគ្រោះចំភ្នែងខាងឆ្វេង បណ្តាលអោយមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ រួចជនសង្ស័យទាំង២នាក់ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះ ត្រូវបានឪពុកម្តាយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រកាខ្ពស់ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ។

លុះមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភា សុភ័ណ្ឌ រួមទាំងដកហូតវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖