ការឆ្លងរាលដាល់នៃវីរុសកូវីដ-១៩ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ មានចំនួនអ្នកឆ្លងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកការព្យាបាលជាសះស្បើយក៏កើនឡើងផងដែរ។ ប៉ុន្តែនៅពេលនេះ ការឆ្លងវីរុសកូវីដ-១៩ បានរាលដាលចូលដល់មន្ទីរឃុំឃាំងក្នុងខេត្តមួយនៅប្រទេសចិន។
រដ្ឋបាលខេត្តសានទុង (Shandong) ប្រទេសចិនបានឲ្យដឹងថា ក្រោយការធ្វើរោគវិនិច្ឆ័យយ៉ាងលម្អិត ទៅលើបុគ្គលិកពាក់ព័ន្ធនៃពន្ធនាគារ រិនឆឹង (Rencheng) ក្នុងទីក្រុងជីនីង (Jining) លទ្ធផលបានបង្ហាញថា មានអ្នកឆ្លង COVID-19 សរុបចំនួន ២០៧នាក់ ហើយពួកគេទាំងអស់នោះកំពុងស្ថិតក្រោមការដាក់ឲ្យនៅ ដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ កាលពីសប្តាហ៍មុន មន្រ្តីពន្ធនាគារ Rencheng ម្នាក់ដំបូងបានបង្ហាញរោគសញ្ញាសង្ស័យ ហើយក៏ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺ COVID-19។
គួរជម្រាបថា យោងតាមរបាយការណ៍នាព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅតាមបណ្តាខេត្ត-តំបន់ចំនួន ៣១ របស់ចិន (មិនរាប់ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់) បានកើនដល់ ២,២៣៦នាក់ ខណៈអ្នកឆ្លងបានកើនដល់ចំនួន ៧៥,៤៦៥នាក់ រីឯអ្នកជាសះស្បើយសរុបគឺ ១៨,២៦៤នាក់។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ជាមួយគ្នានេះដែរ វ៉ាក់សាំងប្រឆាំងមេរោគ COVID-19 ជាលើកដំបូង នឹងត្រូវដាក់ឲ្យសាកល្បងនៅចិន នាចុងខែមេសា។
លោក ស៊ូ ណានពីង (Xu Nanping) អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានធ្វើការប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃសុក្រនេះ ខណៈចំនួនអ្នកសា្លប់ដោយសារ COVID-19 បានកើនឡើងដល់ជាង ២,២៣៦នាក់ហើយ ឆ្លងជាង ៧៥,៤០០នាក់ នៅក្នុងប្រទេសចិន។
សូមជំរាបថា កន្លងមកប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) ក៏ធ្លាប់បានប្រកាសផងដែរថា ការផលិតវ៉ាក់សាំងសម្រាប់ Covid-19 អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ។ ក្នុងពេលបច្ចុប្បន្ន ចិនបាននិងកំពុងធ្វើតេស្ដលើថ្នាំបីប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមួយនេះ។ ក្នុងនោះមានដូចជា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (chloroquine phosphate), ថ្នាំប្រឆាំងផ្ដាសាយ (favipiravir) និងថ្នាំមួយប្រភេទទៀត (remdesivir) ដែលធ្លាប់ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺអេបូឡា (Ebola) ដ៏កាចសាហាវនៅអាហ្វ្រិក៕