ព័ត៌មានទាន់ហេតុការណ៍៖

យានអវកាសចិនបន្តស្រាវជ្រាវ​ផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ

ចែករំលែក៖

ចិនជាប្រទេសដំបូងគេបង្អស់ ដែលបានបញ្ជូនយានស្រាវជ្រាវទៅកាន់ផ្ទៃងងឹតនៃឋានព្រះច័ន្ទ ដែលជាបេសកម្មប្រវត្តិសាស្ត្រក្នុងវិស័យ​អវកាសចិន​។ នៅពេលនេះយាន Yutu-2 ដែលបានចុះចតនៅលើឋានព្រះច័ន្ទបានបន្តស្រាជ្រាវ​  នៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា Far side ឬ Dark side នោះ។

យានរុករក Yutu-2 នៃបេសកកម្មឆាងអឺ ៤ (Chang’e-4) បានផ្តិតយករូបភាពនៃថ្មចម្លែកទាំងនោះ កំឡុងបំពេញបេសកកម្មថ្មីមួយកាលពីខែធ្នូ ឆ្នាំ២០១៩។ បើតាមវែបសាយវិទ្យាសាស្រ្តជាភាសាចិនមានឈ្មោះ «Our Space» ដុំថ្មទាំងនោះគឺមានលក្ខណៈខុសប្លែក ពីដុំថ្មផ្សេងៗទៀតដែល Yutu-2 បានសិក្សានាពេលកន្លងមក។ ប្រការនេះបានជួយអ្នកវិទ្យាសាស្រ្តចិន បង្កើនការស្វែងយល់អំពីប្រវត្តិ និងដំណើរវិវត្តន៍នៃតំបន់ដែលវាកំពុងស្រាវជ្រាវហៅថា រណ្តៅ វ៉ុន ខាមែន (Von Karman)។

បេសកកម្ម Chang’e-4 បានបង្កើតប្រវត្តិសាស្រ្តកាលពីខែមករា ឆ្នាំ២០១៩ តាមរយៈការចុះចតដោយសុវត្ថិភាព នៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដីយើង ហើយគ្មានយានរបស់ប្រទេសណាឡើយធ្លាប់ទៅដល់។ តំបន់ដែលវាចុះទៅស្រាវជ្រាវហៅថា Von Karman ដែលរណ្តៅអាចម៍ផ្កាយមួយ ដែលមានមុខកាត់ប្រវែង ១៨០គីឡូម៉ែត្រ។ កាលពីខែកក្កដា ឆ្នាំ២០១៩ យាន Yutu-2 ក៏បានរកឃើញសារធាតុចម្លែកម៉្យាងដូចជា «ជែល (Gel)» ផងដែរនៅទីនោះ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ យានប្រចាំការ (នៅមួយកន្លែង) និងគ្រឿងយន្តរុករក (Yutu-2) របស់បេសកកម្ម Chang’e-4 ទើបតែបានចាប់ផ្តើមធ្វើប្រតិបត្តិការថ្ងៃទី ១៥ របស់ពួកវា (ពេលវេលាគិតលើផ្ទៃព្រះច័ន្ទ)។ នៅក្នុងឆ្នាំនេះ ចិនគ្រោងនឹងចេញបេសកកម្មមួយទៀតហៅថា Chang’e-5 ដែលជាការប្រមូលយក គំរូតាងពីតំបន់មួយហៅថា អូនសិនណឹស ប្រូស៊ែលឡារឹម (Oceanus Procellarum) នៅផ្ទៃរបស់ព្រះច័ន្ទ ដែលបែរមករកផែនដីយើង (Near side)។ ប្រសិនបេសកកម្មនេះ ទទួលជោគជ័យ ចិនអាចនឹងចេញបេសកកម្មឆាងអឺ ៦ (Chang’e-6) ដើម្បីប្រមូលគំរូតាងពីតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ នៅខ្ទង់ឆ្នាំ២០២៣៕

 


ចែករំលែក៖