ភ្នំពេញ ៖ មិនមែនទើបតែពេលនេះទេ ដែរប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្សំកុសល ២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រក កិច្ចអន្តរាគមន៍ ករណីម្ចាស់សិប្បកម្មមួយ កន្លែងរំខានការរស់នៅ, ប៉ះពាល់សុខភាព ពួកគាត់។ ពួកគាត់ធ្លាប់បានរកអន្តរាគមន៍ ពីអាជ្ញាធរ ក៏ដូចជាស្ថាប័នជំនាញច្រើន លើក ច្រើនសារហើយ ហើយក៏មានលិខិត ស្នាមចេញពីមន្ទីរសិប្បកម្ម និងឧស្សាហកម្ម ឲ្យបិទសិប្បកម្មនោះទៀតផង ប៉ុន្តែអាជ្ញាធរ ខណ្ឌមានជ័យ គ្មានលទ្ធភាពចុះបិទសិប្ប កម្មនោះទេ។
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងមួយទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ករណីសិប្បកម្មដែកមួយកន្លែង ធ្វើសកម្មប៉ះ ពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាង ធ្ងន់ធ្ងរ ពោលរកដេកពួនមិនបាននោះឡើយ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងថាសុំប្តឹងម្ចាស់ដីឡូតិ៍ឈ្មោះ លឹម ហ៊ុយទី, អឿ ហួរ, និងសុភាវី ផ្ទះលេខ៤៦ ផ្លូវ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សុំប្តឹងម្ចាស់សិប្បកម្មដែក ជួលទីតាំងដីឡូត៍ខាងលើធ្វើអាជីវកម្ម ឈ្មោះ យាវ សេងឡោ ភេទប្រុស។
បើតាមពាក្យបណ្តឹង មូលហេតុនៃការធ្វើបណ្តឹង ដោយសារម្ចាស់សិប្បកម្មខាងលើ ធ្វើអាជីវកម្មបំពានសេចក្តីសម្រេច របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងមិនគោរពតាម ចំណាត់ការរបស់ សាលាខណ្ឌមានជ័យ។
យោងតាមពាក្យបណ្តឹងដដែលបានបញ្ជាក់ថា ដោយសារតែម្ចាស់សិប្បកម្មនេះ ប្រកបអាជីវកម្មគ្មានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពកាត់ដែក, ឆាបដែក, ផ្សារ អេឡិចត្រូនិច និងបាញ់ថ្នាំបង្កសម្លេងរំខាន និងមានក្លិនពុល ហុយធូលី ប៉ះពាល់សុខភាពអ្នកជិតខាងយ៉ាងធ្ងន់ធ្ងរ មន្ទីរជំនាញបានចុះត្រួតពិនិត្យ និងចេញសេចក្តី សម្រេចបិទអាជីវកម្មដែកនេះទាំងស្រុង និងឲ្យដូរទីតាំង ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ។
ប៉ុន្តែម្ចាស់អាជីវកម្មដែលនៅក្នុងដីឡូត៍ខាងលើ ផ្គើន និងអ្នកជិតខាងនៅតែបន្តធ្វើដដែល ដោយប្តូរ រូបភាពបើកចំហជញ្ជាំងសង្ក័សី ផ្នែកខាងក្រោយ ហើយធ្វើសកម្មភាពទ្រង់ទ្រាយតូចជាចំហ និងមានសកម្មភាពកម្មករលួចលាក់ ធ្វើនៅពេលយប់ កាត់ដែក ឆាបដែក ផ្សារដែកអេឡិចត្រូនិច និងបាញ់ថ្នាំបង្ហុយក្លិន និងធូលីដាក់ផ្ទះអ្នកជិតខាងដដែល។ នៅពេលអ្នកជិតខាងប្រតិកម្ម ក៏បង្កើតមានកម្មករស្រែកឡូឡា ទម្លាក់ដែក ចាក់បាស់ បង្កសំឡេង រំខានអ្នកជិតខាងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់ សុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
បើទោះបីជាមកដល់ពេលនេះ ពាក្យ បណ្តឹងបានចូលទៅសាលារាជធានីភ្នំពេញ ហើយក៏ដោយ ក៏សកម្មភាពនៃការធ្វើការ ងាររបស់សិប្បកម្មខាងលើ នៅតែធ្វើជា រៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋរំពឹងថា ក្រសួង មានសមត្ថកិច្ចនឹងចាត់វិធានការចំពោះ សិប្បកម្មខាងលើនេះ ពីព្រោះបើរំពឹងទៅ លើអាជ្ញាធរខណ្ឌមានជ័យ មិនអាចចាត់ វិធានការម្ចាស់សិប្បកម្មនេះឲ្យគោរពច្បាប់ បានឡើយ។
ករណីនេះគេមិនអាចទាក់ទងលោក អភិបាលខណ្ឌមានជ័យ ដើម្បីសុំការបំភ្លឺ បានទេ៕ ហេង សូរិយា