ខេត្តបន្ទាយមានជ័យ៖ គួរឲ្យចម្លែកបុរសម្នាក់ បន្ទាប់ពីយកកូនកាំបិតចិតបន្លែចុងស្រួច ចាក់ដោតនៅលើពោះ របស់ខ្លួនប៉ងធ្វើអត្តឃាតរួច ក៏បានខលប្រាប់ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោករមៀត ឲ្យជួយដឹកខ្លួនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២០ នៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ បុរសដែលយកកូនកាំបិតចិតបន្លែចាក់ខ្លួនឯងមានឈ្មោះ នួន ចៅ អាយុ៤៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ គឺមានជំងឺប្រចាំកាយរីងរៃស្លាប់មួយចំហៀងខ្លួនរយៈពេល៣ឆ្នាំមកហើយ ។
លោកអធិការបាបញ្ជាក់ថា៖នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០ ឈ្មោះនួន ចៅ ខណៈពេលនៅផ្ទះម្នាក់ឯងដោយប្រពន្ធនិងកូនបានចេញទៅធ្វើការងារនៅប្រទេសថៃ(ទៅព្រឹកវិលល្ងាច) ក៏បានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លៃចុងស្រួច មកចាក់ចំពោះខ្លួនដោតជាប់នៅផ្នែកខាងស្តាំ រួចហើយបានយកទូរស័ព្ទដៃខលទៅហៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ឲ្យជួយដឹកខ្លួនទៅមន្ទីរពេទ្យ ។
ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងនគរបាលប៉ុស្តិ៍និងគ្រូពេទ្យ បានចុះទៅពិនិត្យដល់លំនៅដ្ឋានឃើញឈ្មោះនួន ចៅ មានកាំបិតចិតបន្លែដោតជាប់និងពោះ ចំហៀងផ្នែកខាងស្តាំ ហើយនគរបាលមូលដ្ឋានបានសួរនាំគាត់បាននិយាយថាគាត់ចាក់ដោយខ្លួនឯង ព្រោះធុញថប់និងជម្ងឺដ៏រ៉ាំរ៉ៃរបស់គាត់ ។
ក្រោយពីសួនរនាំរួចភ្លាមៗនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យ បានដឹកតាមរថយន្តមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំគោករមៀត រួចហើយបន្តដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕ វណ្ណា