ព័ត៌មានទាន់ហេតុការណ៍៖

បុរសអាជីពឡើងដើមត្នោតភ្លាត់ស្នៀតធ្លាក់ស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ របាយការណ៍នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ នៅវេលាម៉ោង៩ ៣៥នាទី ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ធ្លាក់ពីលើចុងដើមត្នោត បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងសង្វេគ ។

របាយការណ៍នគរបាលខាងលើបន្តថា គ្រោះថ្នាក់ធ្លាក់ពីលើចុងដើមត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗនោះ បានកើតឡើងនៅចំណុចក្បែភូមិ ស្ថិតក្នុងភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ ហង្ស នី ហៅពុយ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ ។

ក្នុងរបាយការណ៍មិនបញ្ជាក់ថា ធ្លាក់ចំណុចណានៃដើមត្នោត និងមូលហេតុអ្វីច្បាស់លាស់នោះទេ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ធាតុអាកាសធ្លាក់ជំនោខ្លាំង ហើយជនរងគ្រោះបានឡើងយកទឹកត្នោតដូចសព្វមួយដងនោះដែរ ។

ករណីនេះសមត្ថកិច្ចនគរបាលចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ទើបធ្វើណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖