ឮខេត្តស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានទទួលបដិសណ្ឋារកិច្ច ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពី ” ការកសាងខែ្សបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ រវាងរណសិរ្ស ប្រទេសទងពីរ កម្ពុជា_ឡាវ ” ដោយមាន ពី គណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក សឹុម កា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។
ចំណែកគណៈប្រតិភូ ប្រទេសឡាវ ដឹកនាំដោយ លោក ខាំបៃ ដាំឡាត់ សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ លោក ម៉ុម សារឿន សមាជិកគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា។
នៅថ្ងៃនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ពិតជាមានកិត្តិយសជា ខ្លាំងដែល គណៈក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជ្រើសរើស យកខេត្តស្ទឹងត្រែង ដើម្បីរៀបចំ កិច្ចប្រជុំ សន្និសិទអន្តរជាតិលើកទី២ ក្រោមប្រធានបទដ៏មានអត្ថន័យ ស្តីពី ” ការកសាងខែ្សបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អរវាងរណសិរ្ស ប្រទេសទងពីរ កម្ពុជា_ឡាវ ” ។
លោក ម៉ុម សារឿន បានមានប្រសាសន៍បន្តថា បច្ចុប្បន្នខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយបណ្តាលខេត្ត នៃប្រទេសជិតខាងដូចជាបងប្អូន ដែលជាប់ព្រំដែនជាមួយគ្នា ដូចជា ខេត្តចំប៉ាសាក់ ខេត្តអត្តពឺ និងខេត្តសេកង នៃសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ដោយជាក់ស្ដែងខេត្តស្ទឹងត្រែង បានដាក់ចេញរួមគ្នានូវកំណត់ហេតុសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពិសេសគឺបានបញ្ចូលវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន ។
លោកបានបន្ថែមថា ក្នុងនោះខេត្តបានរៀបចំកំណត់ហេតុរួមគ្នាតាមស្មារតីនៃកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនិងថ្នាក់ដឹកនាំខេត្តផ្សេងបន្តទៀត ដោយត្រូវប្ដូរវេនធ្វើជាម្ចាស់ផ្ទះជាមួយខេត្តចាំប៉ាសាក់ ចំនួន ១៣ លើក និងជាមួយខេត្តអត្តពឺ ចំនួន ៥ លើក ព្រមទាំងមានកិច្ចប្រជុំទ្វេភាគីថ្នាក់យោធាខេត្ត និងយោធាខេត្តជាប្រចាំឆ្នាំក្នុងស្មារតី ពូនជ្រំ រឹតចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្តឲ្យបានលូតលាស់ជាម្លប់ត្រសុំត្រសាយ តគ្រប់ជំនាន់ដែលមានប្រពៃណីទំនៀមទម្លាប់ជាបងប្អូនជិតខាង។
គួររំលឹកផងដែរថាកិច្ចប្រជុំ សន្និសីទអន្តរជាតិលើកទី២ ស្តីពី ” ការកសាងខែ្សបន្ទាប់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អរវាងរណសិរ្ស ប្រទេសទងពីរ កម្ពុជា_ឡាវ ” នេះបានប្រព្រឹត្តទៅ ១ថ្ងៃពេញ ។
ដោយក្នុងអង្គប្រជុំ ទាំងមូលបានវាយតម្លៃខ្ពស់អំពីទំនងល្អរវាងប្រទេសទាំងពីរ ពិសេសលើកកិច្ចការងារ និងវាយតម្លៃខ្ពស់ លើការកសាងខែ្សបន្ទាប់តាមព្រំដែន រវាង ប្រទេសទាំង ២ កម្ពុជា_ ឡាវ ឲ្យមានសន្តិភាព មិត្តភាព និង បន្តទំនាក់ទំនង់ឲ្យបានកាន់តែជិតស្និទ្ធ និង សហប្រតិបត្តិការជាមួយគ្នា ក្នុងការដោះស្រាយបញ្ហា ប្រឈម នានា ដែលកើតមាន ឡើង និងដោះស្រាយរួមគ្នា ក្នុងនាមជាខេត្តភូមិផងរបងជាគ្នាជាមិត្តយូរអង្វែង ៕ មាស សុផាត