ខេត្តស្វាយរៀង៖ ជញ្ជ្រាំងស្រែអ្នកភូមិប្រមាណ៦០ហិកតា ត្រូវបានអគ្គិភ័យឆាបឆេះរាលដាលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយវៃពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ បាញ់ពន្លត់ជាច្រើនម៉ោង ទើបរលត់កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតវាលស្រែជាប់ឃុំចំនួនបីឃុំ នៅឃុំសំឡី ខ្សែត្រ ស្វាយតាយាន ស្ថិតក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង សង្ស័យមានមនុស្សលួចដុត ។
យោងតាមប្រជាពលរដ្ឋបានអោយដឹងថា ករណីភ្លើងឆេះជញ្ជ្រាំងស្រែនេះ ផ្តើមចេញពីភូមិព្រៃប្រឹស ឃុំស្វាយតាយាន សង្ស័យមានគេដុតជញ្ជ្រាំង ហើយបានរាលដាលដល់ភូមិ ឃុំដទៃទៀតបង្កជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ពេញវាលស្រែ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍កាច់មែកឈើជួយពន្លត់ កុំឲ្យរាដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
ប្រភពបានបន្តថា ភ្លើងបានឆេះជញ្ជ្រាំងស្រែ នៅសល់ប្រមាណតែប្រមាណពី២០០ម៉ែត្រទៅ៣០០ម៉ែត្រទៀតប៉ុណ្ណោះ និងឆេះដល់ផ្ទះពលរដ្ឋបើពុំមានការជួយអន្តរាគមន៍ ពន្លត់ពីពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននោះទេ។
អាជ្ញាធរស្រុកកំពង់រោទ៍អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់នៅរដូវប្រាំងនេះ ព្រោះងាយនឹងឆាបឆេះ ខណៈដែលយើងមានការធ្វេសប្រហែសជាពិសេសកុំដុតជញ្ជ្រាំងស្រែ និងព្រៃ និងត្រូវពន្លត់ភ្លើងចង្ក្រាន្តឲ្យបានត្រឹមត្រូវមុនចេញពីផ្ទះចៀសវាងបង្កឲ្យមានភ្លើងផ្ទះដែលកើតឡើងជាយថាហេតុផងដែរ ៕ យឹមសុថាន