កន្លងមក ក្រុមអ្នកឯកទេសវិភាគនយោបាយអន្តរជាតិ បានបញ្ជាក់ថា អាមេរិក បារម្ភយ៉ាងខ្លាំងពីការរីកចំរើនសេដ្ឋកិច្ច និងការបង្កើនឥទ្ធិពលរបស់ចិន នៅលើឆាកអន្តរជាតិ ហើយចិននឹងនាំមុខអាមេរិក ក្នុងវិស័យសេដ្ឋកិច្ចជាក់ជាមិនខាន ក្នុងពេលដ៏ខ្លីខាងមុខ ។ បច្ចុប្បន្នចិន បានឈរលំដាប់លេខមួយ ក្នុងទំនាក់ទំនងការទូតនៅពិភពលោក។
មួយលេចឡើង នឹងត្រូវមានមួយលិចចុះ នេះជាច្បាប់ធម្មជាតិអាមេរិកកាន់កាប់មហាអំណាចពិភពលោកជាច្រើនទសវត្សរ៍កន្លងមក ជិតដល់ពេលវេលា ត្រូវផ្លាស់ប្តូរ ឲ្យទៅចិនគ្រប់គ្រងវិញម្តង ទាំងសេដ្ឋកិច្ច និងយោធា។ តាមស្ថានភាពជាក់ស្តេងគឺចិនមានវិស័យសេដ្ឋកិច្ចយោធា រីកចំរើនយ៉ាងខ្លាំង ធ្វើឲ្យអ្នកនយោបាយអាមេរិក បារម្ភពីការបាត់បង់មហាអំណាចទី១លើលោក។ ទាំងនោះហើយបានជាអាមេរិករកគ្រប់មធ្យោបាយទប់ស្កាត់ ចិន ដោយអូសទាញចិនឲ្យចូលកនុងកិច្ចព្រមព្រៀង អាវុធត្រីភាគី អាមេរិក រុស្ស៊ី ចិន។ មិនតែប៉ុណ្ណោះអាមេរិក បានធ្វើសង្គ្រាមពាណិជ្ជកម្ម ដើម្បីទប់ស្កាត់សេដ្ឋកិច្ចចិនរីកចំរើនដើរទាន់អាមេរិក។ ប៉ុន្តែរាល់ការខិតខំរបស់អាមេរិកដូចជាមិនមានប្រសិទ្ធិភាពនោះឡើយ ហើយចិននៅតែបោះជំហានទៅមុខជានិច្ច។
ចំណុចទាំងនោះហើយបានជាសារព័ត៌មាន និងបណ្តាញសង្គ្រម រាប់ពាន់នៅក្នុងប្រទេសរុស្ស៊ី ផ្សាយថា ការរីករាលដាលនៃវីរុស កូវីដ-១៩ ក្នុងឱកាសចិនឈប់សម្រាក់ចូលឆ្នាំចិន ហាក់បីដូចជាមានផែនការរៀបចំទុកជាមុនរបស់បច្ចាមិត្ត ក្នុងគោលដៅបំផ្លាញសេដ្ឋកិច្ចរបស់ចិន។ ពលរដ្ឋដែលឈប់សម្រាកពីការងាចូលឆ្នាំ គឺត្រូវបន្តឈប់ ជាច្រើនខែ ធ្វើឲ្យបណ្តាក្រុមហ៊ុនតូចធំនៅចិន ត្រូវតែបិទទ្វារ ។ បណ្តាញសង្គមរបស់រុស្ស៊ីបានផ្សាយថា អាមេរិក អាចមានជាប់ ពាក់ព័ន្ធទៅនឹងការផ្ទុះឡើង នៃមេរោគកូរ៉ណាថ្មីកូវីត-១៩។
ចំណែកមន្រ្តីរដ្ឋាភិបាលអាមេរិក បានច្រានចោល ដោយ ចោទប្រកាន់ការចេញផ្សាយព័ត៌មានខុសពីការពិតរបស់រុស្ស៊ី មិនត្រឹមតែបានបង្ខូចកេរ្តិ៍ឈ្មោះអាមេរិកនោះទេ តែវាក៏បានរំខានដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណាដែរ។
យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ត្រូវបានរកឃើញដោយអ្នកជំនាញអាមេរិកនៅពាក់កណ្តាលខែមករា ឆ្នាំ ២០២០ ពោលគឺភ្លាមៗ បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសពីករណីស្លាប់ទីបី ដោយសារមេរោគផ្លូវដង្ហើមថ្មីនៅក្នុងទីក្រុងវូហាន។
យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត បង្អើលឲ្យមានការភ័យជ្រួលច្របល់ខ្លាំង ពីការរីករាលដាលមេរោគកូរ៉ូណា គឺជាកលល្បិចរបស់រុស្ស៊ី។ អាមេរិក បានអះអាងថា រុស្ស៊ីខិតខំប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនោះ ក្នុងគោលបំណងបំផ្លាញមុខមាត់អាមេរិក នៅលើឆាកអន្តរជាតិ ក្នុងអំឡុងពេលដែលពិភពលោក កំពុងព្រួយបារម្ភខ្លាំង អំពីការឆ្លងរាតត្បាតមេរោគផ្លូវដង្ហើមថ្មី។
នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព័ត៌មានដែលកំពុងលុកលុយខ្លាំងបំផុតរួមមាន ការចោទប្រកាន់ដែលថា អាមេរិក គឺជាអ្នកបង្កើតមេរោគកូរ៉ូណា ដើម្បីឈ្នះសង្គ្រាមពាណិជ្ជកម្មទល់នឹងចិន។ មិនតែប៉ុណ្ណោះ សូម្បីបុគ្គលល្បីៗអាមេរិកដូចជា លោកប៊ីលហ្គេត ជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសប្បុរសជន ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយលើកកម្ពស់សុខភាពពិភពលោក ក៏ត្រូវបានចោទប្រកាន់ខុសពីការពិតផងដែរ ថាមានជាប់ពាក់ព័ន្ធនឹងការបង្កើតមេរោគនេះ។
ក្រសួងការបរទេសអាមេរិក ដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មានគណនីក្លែងក្លាយជាច្រើន ត្រូវបានគេប្រើប្រាស់នៅលើបណ្តាញសង្គម Twitter, Facebook និង Instagram ដើម្បីផ្សាយចេញជាច្រើនភាសា នូវព័ត៌មានមិនពិតអំពីអាមេរិក និងមេរោគកូរ៉ូណា ។
ទាក់ទងរឿងនេះដែរ លោកហ្វីលីព រីកឃឺរ (Philip Reeker) មន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកប្រចាំតំបន់អឺរ៉ុប និង អឺរ៉ាស៊ី បានលើកឡើងថា ចេតនារបស់រុស្ស៊ី គឺចង់បំបែកបំបាក់សម្ព័ន្ធភាពរបស់អាមេរិក ជាមួយបណ្តាប្រទេសជាមិត្ត។
ក្រៅតែពីធ្វើបាបអាមេរិក លោកហ្វីលីព បន្ថែមថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី អំពីមេរោគកូរ៉ូណា ក៏បានបង្កជាឧបសគ្គដល់ពិភព ក្នុងការគ្រប់គ្រងមេរោគរាតត្បាតនេះផងដែរ។
ពេលថ្មីៗនេះ ប្រធានាធីបតីចិន លោកស៊ី ជីនពីងបានប្រកាសថា មេរោគកូរ៉ូណាថ្មីគឺជាគ្រោះអាសន្នផ្នែកសុខភាពធំបំផុតរបស់ចិន។កាលពីថ្ងៃទី២៣ កុម្ភៈ លោកប្រធានាធិបតីចិនស៊ី ជីនពីង បានលើកឡើងថា “មេរោគកូរ៉ូណា គឺជាគ្រោះអាសន្នសុខភាពសាធារណៈដ៏ធំបំផុតមួយ” របស់ចិន រាប់ចាប់តាំងពីបក្សកុម្មុយនិស្តចិន ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៤៩មក។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ខែកុម្ភៈប្រមុខដឹកនាំចិនលោកស៊ី ជីនពីង បានថ្លែងអំពីមេរៀនដែលចិន គួរស្វែងយល់ ពីចំណុចខ្វះខាតរបស់ខ្លួន ក្នុងការគ្រប់គ្រងមេរោគផ្លូវដង្ហើមថ្មី។ ប្រសាសន៍របស់លោកស៊ី បែបនេះ ត្រូវគេចាត់ទុកថា ជាការទទួលស្គាល់ដ៏កម្រមួយរបស់មេដឹកនាំចិន។
នៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍ចិន ស៊ីស៊ីធីវី (CCTV) នាថ្ងៃអាទិត្យម្សិលមិញនេះដែរ លោកស៊ី បានលើកឡើងថា មេរោគកូរ៉ូណា មានលទ្ធភាពឆ្លងបានលឿនជាងគេបំផុត ក្នុងចំណោមេរោគឆ្លងដទៃទៀត ហើយវាក៏ពិបាកបំផុតណាស់ដែរ ក្នុងការការពារនិងគ្រប់គ្រងជំងឺរាតត្បាតនេះ៕