ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូថៅកែខ្លួនឯងជិះគេចខ្លួនទៅខេត្តកំពតម្ចាស់ម៉ូតូដឹងប្ដឹងនគរបាលខេត្តកំពតចាប់ខ្លួនប្រគល់នគរបាលខេត្តកណ្ដាលចាត់ការ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូរបស់ថៅកែខ្លួនឯងជិះគេចខ្លួនឆ្ពោះទៅខេត្តកំពត កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិបារគូ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល លុះជាងកន្លះខែក្រោយមក ជនរងគ្រោះជាម្ចាស់ម៉ូតូឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូនៅទីរួមខេត្តកំពត ក៏ប្តឹងនគរបាលខេត្តកំពតចាប់ខ្លួន រួចប្រគល់ឲ្យនគរបាលខេត្តកណ្ដាលចាត់ការតាមច្បាប់ ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី ត្រង់ចំណុចក្នុងទីរួមខេត្តកំពត ។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មៀច ចេក ហៅភក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ថ្មី ឃុំកំពែង ស្រុកព្រៃកាបាស ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ សំ សុវីន ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿងម៉ាក ហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AH0072 (របស់ជនរងគ្រោះ) ។

ប្រភពដដែលបន្តថា ជនសង្ស័យគឺជាកម្មករលក់ពូកក្នុងឃ្លាំងឲ្យជនរងគ្រោះ លុះមកដល់ថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៤ ជនសង្ស័យត្រូវកម្មករ ក៏បានលួចយកម៉ូតូខាងលើជិះចេញទៅបាត់ ។ លុះជាងកន្លះខែក្រោយមក ដល់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៤និង១០នាទី ជនរងគ្រោះបានឃើញជនសង្សយ័កំពុងអង្គុយលើម៉ូតូក្នុងទីរួមខេត្តកំពត ពេលនោះជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចក្រុងកំពតធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង បន្ទាប់មកសមត្ថកិច្ចក្រុងកំពតបានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនកម្លាំងផ្នែកជំនាញនៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹង រួចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖