ភ្នំពេញ៖ ភាពយន្តបែបភ័យរន្ធត់ខ្នាតធំថ្មីដែល ស្នាដៃថ្មីរបស់ផលិតកម្ម បាដិហារ្យភាពយន្តគឺរឿង វិញ្ញាណតៃហោង នឹងសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅដើមខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ យ៉ាងណាមុនសម្ពោធចាក់បញ្ចាំងផលិតកម្មបានបញ្ចេញ Trailer ផ្លូវការហើយជាមួយនឹងការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។
ភាពយន្តខ្នាតធំថ្មីនេះនឹងប្រកាសជាផ្លូវការជូនទស្សនិកជនទស្សនាចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០តទៅនៅគ្រប់រោងភាពយន្តខណៈភាពយន្តនេះកំពុងទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រ។ លោក ស៊ុម ភារិន ផលិតករ និងជាចាងហ្វាងផលិតកម្ម បាដិហារ្យភាពយន្តបានបញ្ជាក់ថាភាពយន្តថ្មីរឿង “វិញ្ញាណតៃហោង” បានបញ្ចេញជា Poster និង Trailer រួចហើយ ។ លោកថាជាភាពយន្តមានគ្រប់រសជាតិ កម្សត់ស្នេហាព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាពកំប្លុកកំប្លែង។
ផលិតកររូបនេះបានបង្ហាញក្ដីរំពឹងខ្ពស់ថា”វិញ្ញាណតៃហោង” នឹងទទួលការគាំទ្រពីទស្សនិកជន ព្រោះតែឆ្នាំ២០២០នេះលោកពង្រឹងទៅលើផ្នែកបច្ចេកទេសដោយបំពាក់ឧបករណ៍ផលិតថ្មីទំនើបស្របតាមស្តង់ដា បូករួមទាំងពង្រឹងសមត្ថភាព ការជ្រើសរើសតួសម្តែង និងសាច់រឿងដែលល្អស្របតាមទីផ្សារភាពយន្តបច្ចុប្បន្នផង។
គួរបញ្ជាក់ដែរថាក្រៅតែពីស្នាដៃរឿង”វិញ្ញាណតៃហោង” ផលិតកម្ម បាដិហារ្យភាពយន្តត្រៀមនឹងបញ្ចេញស្នាដៃ ៣ផ្សេងទៀតផងដែរក្នុងឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនៃអ្នកទស្សនាភាពយន្តខ្មែរ ពិសេសអ្នកនិយមគាំទ្រភាពយន្តបែបភ័យរន្ធត់នោះ។ ភាពយន្តនេះចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបមានដូចជាអ្នកនាង ស្វែង សុជាតា លោក សេម កញ្ញា ហ្វាហ្វាជាដើម៕ វឌ្ឍនា