ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះក្នុងករណីអគ្គីភ័យចំនួន២៥គ្រួសារ ស្ថិតនៅក្នុងភូមិ១៧ សង្កាត់ស្រះចក បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ដោយសារអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ ម្សិលមិញនេះ ។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ កាលពីព្រឹក ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌ កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន២៥គ្រួសារ ស្ថិតនៅក្នុងក្រុមទី២២១ ផ្លូវលេខ៧២ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរងគ្រោះ ដោយសារអគ្គីភ័យ ។
ឆ្លៀតក្នុងឱកាសនេះ លោក ប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន០១បាវ ស្មើនឹង២៥គីឡូក្រាម,មី០១កេស,ទឹកត្រីចំនួន០១យួរ,ទឹកដោះគោចំនួន១០យួរ កំសៀវដាំទឹកចំនួន០១ ធុងទឹកចំនួន០១ ខ្ទះឆាចំនួន០១ ថ្នាំដុសធ្មេញចំនួ០១ឡូ និង សំភារៈប្រើប្រាសមួយចំនួន រួមនឹងថវិកាចំនួន៨ម៉ឺនរៀលក្នុង១គ្រួសារផងដែរ ។
ក្នុងនោះ លោក ប្រធានកិត្តិសយអនុសាខា និង ភរិយា បានឧបត្ថម្ភ ថវិកាក្នុង១គ្រួសារ ថវិកាចំនួន៥ម៉ឺនរៀល និង ព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការវត្ត ស្តីទីវត្តព្រះពុទ្ធឃោសាចារ្យ នូវថវិកាចំនួន៤០ម៉ឺនរៀល និង គ្រឿងឧបភោគ-បរិភោគ មួយចំនួនទៀតផងដៃរ ។
ក្នុងពិធីនេះលោកប្រធាន បានមានមតិផ្តាំផ្ញើ មួយចំនួនរួមមាន ក្នុងនាមប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និង រដ្ឋបាលខណ្ឌ លោក ប្រធានកិត្តិយស ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាអគ្គីភ័យ ជាពិសេសមុនពេលធ្វើដំណើរចាកចេញពីលំនៅដ្ឋាន ត្រូវបិទភ្លើង ពន្លត់ភ្លើងចង្រ្កាន ភ្លើងធូប ភ្លើងទៀនជាដើម ដើម្បីការពារកុំឲ្យកើតមានគ្រោះថ្នាក់អគ្គីភ័យកើតឡើងជាយថាហេតុ ដែលអាចបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនយើង ៕ស តារា