ភ្នំពេញ៖ រោងចក្រផលិតបារីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានអណ្តាតភ្លើងឆេះចេញពីខាងក្នុងរោងចក្រ យ៉ាងសន្ធោសន្ធៅ ភ្លាមនោះ ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើជា អគាររោងចក្រផលិតបារី សាងសង់ពីថ្មប្រក់សង័្កសី ទំហំ 50ម៉ែត្រ x70ម៉ែត្រ រងការខូចខាតទាំងស្រុងតែម្តង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់ចំនួន២៧គ្រឿង ដោយមកពីការិយាល័យបង្ការគ្រោះអគ្គិភ័យ រាជធានី ចំនួន 20គ្រឿង ។ រថយន្តជំនួយក្រសួងមហាផៃ្ទចំនួន 03គ្រឿង ។ រថយន្ត ង70 ចំនួន 03គ្រឿង ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 01ឡាន ។ អគ្គិភ័យក៏រលត់ទៅវិញ ៕ សុខាសែនជ័យ