ខេត្តកណ្ដាល៖ យុវជនម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដើរតាមភ្លឺស្រែ ពុំដឹងថា មានគេរាយខ្សែរលួសឆក់កណ្ដុរ ក៏បានជាន់ខ្សែរលួសដែលកំពុងមានចរន្ដភ្លើងនោះ បណ្ដាលឲ្យឆក់តែម្ដង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចដីស្រែប្រាំងស្ពានព្រែកតាគង់ ស្ថិតក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូច សុផល អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកដី មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យជាម្ចាស់ដីស្រែឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល (គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យជាម្ចាស់ដីស្រែ បានរាយខ្សែរលួសឆក់កណ្ដុរក្នុងដីស្រែរបស់គេ លុះមកដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី ជនសង្ស័យបានមកមើលស្រែ ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយសារជាន់ខ្សែរលួសឆក់កណ្ដុរ ក៏តេទូរស័ព្ទមកសមត្ថកិច្ចប៉ុស្ដិ៍ ហើយក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកដល់ចំណុចកើតហេតុ រួចធ្វើការពិនិត្យកោសល្យវិច្ច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារជាន់ខ្សែលួសឆក់កណ្ដុរប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ