ខេត្តកែប៖ សាច់ទាវេចខ្ចប់នាំចូលពីប្រទេសចិនជាង១តោនដែលគេដឹងថាខូចគុណភាពទៅហើយនោះ ត្រូវបាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកែប និង អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ រឹបអូសពីប្រជាពលរដ្ឋដែលនាំគ្នាយកទៅហូបមិនគិតពីផលប៉ះពាល់សុខភាពរួចបានយកទៅដុតកម្ទេចចោលភ្លាមៗ ។
ការរឹបអូសសាច់ទាខូចគុណភាពនាំចូលពីប្រទេសចិនយកទៅកម្ទេចចោលនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកស្រុកដំណាក់ចង្អើរ ខែត្តកែប ។
មន្ត្រីនគរបាលស្រុកដំណាក់ចង្អើរ បានងោយដឹងថា ដោយអនុវទ្តតាមការបញ្ជាពី លោកឧត្តមសេនីយ៍ បែន តារា ស្នងការនគរបាលខេត្តកែប លោកបានចាត់តាំង ឲ្យលោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យជំនាញ និងអធិការនគរបាលស្រុកដំណាក់ចង្អើរ ទៅចូលរួមជាមួយមន្រ្តីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីចុះពិនិត្យសាច់ទាវេចខ្ចប់នាំពីប្រទេសចិនខូចគុណភាពប្រមាណជាង1តោន ដែលឈ្មោះ ទេព ទិត្យ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានដឹកបន្តយកមកឱ្យឈ្មោះ ឯម ប្រុស ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីទុកធ្វើជី ។ ប៉ុន្តែប្រជាពលរដ្ឋមិនួកទៅធ្វើជី បែរជានាំ គ្នាយកទៅបរិភោគ ។
ក្រោយត្រួតពិនិត្យ សាច់ទាខាងលើបានហួសការកំណត់ បណ្តាលឱ្យខូចគុណភាព ក្រុមការងារបានសម្រេចដកហូតយកទៅដុតកម្ទេចចោលចោលនារសៀលថ្ងៃនោះ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តងទៅ ៕ ប្រាថ្នា