យោងតាមការផ្សាយរបស់ប្រភពព័ត៌មានsputnikបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ យោធាអង់គ្លេសបានបញ្ចេញយន្តហោះចម្បាំង២គ្រឿង ហោះទៅស្ទាក់បណ្តេញយន្តហោះរុស្ស៊ីគឺយន្តហោះទម្លាក់គ្រាប់បែក ដែលកំពុងហោះហើរនៅក្បែរឈូងសមុទ្ររបស់អង់គ្លេស ។ រុស្ស៊ីបានច្រានចោលថា មិនបានចូលកៀកដែនអាកាសរបស់ប្រទេសណាមួយទេ។
កងនាវាចរភាគខាងជើងរបស់រុស្ស៊ី បានប្រកាសកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈថា មិនបានចូលរួមហ្វឹកហាត់ហោះល្បាតនៅលើដែនទឹកអព្យាក្រឹត្យរបស់ប្រទេសន័រវែស និងសមុទ្របារ៉ែននោះឡើយ ។
ប្រភពបានពន្យល់ថា យន្តហោះចម្បាំងប្រឆាំងនាវាមុជទឹករយៈចម្ងាយឆ្ងាយ(ASW) Tu-142 របស់រុស្ស៊ីចំនួន២គ្រឿងបានប្រតិបត្តិការហោះហើរនៅលើផ្លូវមួយពីលើដែនសមុទ្រក្នុងបេសកកម្មមួយដែលចំណាយពេលជាង១២ម៉ោង ។
សេចក្តីថ្លែងការណ៍របស់កងនាវាចរភាគខាងជើងរបស់រុស្ស៊ីបានបញ្ជាក់ថា «អាកាសយានិកបានហោះហើរយន្តហោះដោយសេរីនៅលើលំហរអាកាស ហើយមិនមានទាក់ទងជាមួយជំនួយនាវាចរមូលដ្ឋាននៅលើដីនោះឡើយ» ។ បេសកកម្មធ្វើឡើងស្របទៅតាមច្បាប់ស្តីអំពីការប្រើប្រាស់ដែនអាកាសអន្តរជាតិយ៉ាងហ្មឹងម៉ាត់ ។
ថ្លែងការណ៍របស់កងនាវាចរភាគខាងជើងរបស់រុស្ស៊ីបែបនេះបានកើតឡើង បន្ទាប់ពីយោធាអង់គ្លេសបានបញ្ជាក់ថា ខ្លួនចាប់បានយន្តហោះមិនស្គាល់អត្តសញ្ញាណចូលទៅកៀកមកដែនអាកាសរបស់អង់គ្លេស។
អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសបញ្ជាក់ថា «យន្តហោះមិនស្គាល់អត្តសញ្ញាណទាំងនោះនៅខាងក្រៅដែនសមុទ្រអត្ថប្រយោជន៍របស់យើង ហើយមិនមានការហោះស្ទាក់កើតឡើងទេ»។
សារព័ត៌មាន Daily Star បានដកស្រង់ប្រភពពីមន្ត្រីយោធាអង់គ្លេសបញ្ជាក់ថា យន្តហោះនោះសង្ស័យថា ជារបស់រុស្ស៊ី ដោយបន្ថែមថា តាមរបាយការណ៍គឺជាយន្តហោះទម្លាក់គ្រាប់បែក Tu-95 ៕