ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាខ្លាំងពេកបណ្ដាលឲ្យខ្យល់គរធ្លាក់ពីលើអង្រឹងស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ខ្យល់គរធ្លាក់ពីលើអង្រឹងបាត់បង់ជីវិត ដោយសារតែបុរសរងគ្រោះខាងលើនេះ ផឹកស្រាស្រវឹងជាប្រចាំ ដែលករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្រោមផ្ទះឈ្មោះ ឃុត រីម ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋជិតខាងឈ្មោះ ម៉ៅ ធូ ,ឈ្មោះ ជួន សំអឿន និងបងស្រីរបស់ជនរងគ្រោះឈ្មោះ នៅ ចន្ធូ បានឲ្យដឹងថា៖ រាល់ថ្ងៃ ជនរងគ្រោះជាមនុស្សផឹកស្រាជាប្រចាំ ហើយដេកស្នាក់អាស្រ័យមិនពិតប្រាកដទេ ។ លុះមកដល់នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ មានក្មេងប្រុសម្នាក់ឈ្មោះ ធូ សិលា ភេទប្រុស អាយុជាង២ឆ្នាំ បានឃើញជនរងគ្រោះដេកនៅលើដីក្រោមអង្រឹងផ្កាប់មុខ នៅក្រោមផ្ទះរបស់ឈ្មោះ ឃុត រីម (ត្រូវជាពូជនរងគ្រោះ) ភ្លាមនោះ ក៏បានរត់មកប្រាប់ម្តាយឈ្មោះ ជួន សំអឿន ដែលកំពុងដេកនៅលើគ្រែក្រោមផ្ទះថា ជនរងគ្រោះដេកស្លាប់ក្រោមអង្រឹង ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីទទួលព័ត៌មានខាងលើ ភ្លាមនោះ សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរភូមិឃុំពេទ្យធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា៖សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីឡើយ។ ការសន្និដ្ឋានរបស់ជំនាញ និងពេទ្យ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។ សាកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖