ខេត្តកណ្ដាល៖ បុរសម្នាក់ ជាបុគ្គលិកផ្នែកប្រមូលលុយពីអតិថិជន ត្រូវបានតំណាងក្រុមហ៊ុនប្ដឹងសមត្ថកិច្ចស្រុកអង្គស្នួលឲ្យធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើនេះ បានប្រមូលលុយពីអតិថិជនចំនួន២០លានរៀលយកទៅលែងល្បែងចាញ់អស់គ្មានសល់ ។ ករណីចាប់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វីរះ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកប្រមូលប្រាក់ ស្នាក់នៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ទន់ ករុណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មាន៖ ប្រាក់រៀលចំនួន២០លានរៀល ។
ប្រភពដដែលបន្ដថា ជនសង្ស័យគឺជាបុគ្គលិកក្រុមហ៊ុនផ្នែកប្រមូលប្រាក់ពីអតិថិជន កន្លងមក ជនសង្ស័យតែយកប្រាក់ដែលប្រមូលពីអតិថិជនបាន យកទៅឲ្យក្រុមហ៊ុនដូចរាល់ដង ។លុះមកដល់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ ជនសង្ស័យបានប្រមូលប្រាក់ពីអតិថិជនបាន២០លានរៀល ហើយមិនយកទៅឲ្យជនរងគ្រោះដែលជាតំណាងក្រុមហ៊ុនទេ រហូតមកដល់ថ្ងៃទី២៦ ខែឆ្នាំដដែល ជនរងគ្រោះបាននាំខ្លួនជនសង្ស័យយកទៅឲ្យនគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ខ្លួនបានប្រមូលយកលុយពីអតិថិជនបាន២០លានរៀល ហើយខ្លួនបានយកលុយនោះទៅលែងល្បែងអនឡាញចាញ់អស់គ្មានសល់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ